ព័ត៌មានជាតិ

អគ្គនាយករង ប.ស.ស.៖ ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍន៍ គេហទំព័ររបស់ ប.ស.ស. ជាស្នូលដ៏សំខាន់​​ ក្នុងការរួមចំណែក បង្កើនការផ្សព្វផ្សាយ​

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ​ ផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗលើគេហទំព័ររបស់បេឡាជាតិ សន្ដិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំប្រកាសសមាសភាព ក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗ របស់បេឡាជាតិសន្ដិសុខសង្គម នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។

ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំខាងលើ លោកប្រធានក្រុមការងារ បានថ្លែងថា ដោយសារបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាកាន់តែមានភាពទំនើប និងបានដើរតួយ៉ាងសំខាន់​ លើគ្រប់វិស័យ ដូច្នេះក្រុមការងារត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែម ក្នុងការអភិវឌ្ឍគេហទំព័រ ប.ស.ស. ធ្វើយ៉ាងណាឲ្យគេហទំព័រ ប.ស.ស. កាន់តែមានភាពទាក់ទាញ និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព ស្របទៅនឹងសកម្មភាពការងារ ដែលមាននាពេលបច្ចុប្បន្ន។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះផងដែរ លោកប្រធានបានណែនាំ​ ​ឱ្យក្រុមការងារទាំងអស់ ត្រូវចងក្រងឯកសារច្បាប់ បទដ្ឋានគតិយុត្តនានា និងត្រូវអភិវឌ្ឃន៍គេហទំព័រ ប.ស.ស. ជាប្រចាំ និងធ្វើយ៉ាងណាឲ្យគេហទំព័រ ប.ស.ស. កាន់តែមានភាពទាក់ទាញ ដែលអាចឲ្យសាធារណជនទូទៅ ទាំងក្នុង និងក្រៅប្រទេស អាចចូលមកស្វែងរក នូវឯកសារគតិយុត្តផ្សេងៗ ព្រមទាំងអាចសិក្សាស្វែងយល់បន្ថែមទៅលើច្បាប់ ស្តីពីរបបសន្តិសុខសង្គមកម្ពុជា បានកាន់តែទូលំទូលាយ តាមរយៈគេហទំព័រ ប.ស.ស. មួយនេះ ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារផ្សព្វផ្សាយព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗលើគេហទំព័ររបស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) សរុបប្រមាណជាង ២០នាក់៕

To Top
×