ព័ត៌មានជាតិ

មកដល់​ពេល​នេះ​ ពលរដ្ឋ​ជាង១ម៉ឺនគ្រួសារបាន​ប្រគល់ដីតំបន់៣ជូនរដ្ឋវិញ​ ក្នុងទំហំជាង​ ៦ម៉ឺនហិកតា

ភ្នំពេញ​ ៖​ លោក​ ពុំ សុថា​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល​ បានថ្លែងថា​ គិតត្រឹមថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០២២​ មានប្រជាពលរដ្ឋ​ ចំនួ​ន១៤ ៤៩០គ្រួសារ​ បានស្ម័គ្រចិត្តប្រគល់ដីដែលបានរំលោភទន្ទ្រាននៅតំបន់៣ជូនរដ្ឋវិញ​ក្នុងទំហំ​ ចំនួន៦០ ៣៦០,៤ហិកតា​។

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២​ក្រោមអធិបតីភាព​ លោក​ វេង សាខុន​ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០២២​ លោក​ ពុំ សុថា បានលេីកឡេីងពីសមិទ្ធផលសម្រេចបាន​ ក្នុងឆ្នាំ២០២១ ជាពិសេស​លទ្ធផលនៃការអនុវត្តបទបញ្ជារបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់ បង្រ្កាបការទន្ទ្រានឈូសឆាយ និងដក ហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។

លោក​ បានបញ្ជាក់ថា​ «ជាក់ស្តែងគិតត្រឹមថ្ងៃទី២៣ ខែមករានេះមានប្រជាពល រដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហិចតា បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់»។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ​ លោក វេង សាខុន​ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់​ នៃរដ្ឋបាលជលផល​ ក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ ការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រ និងការអភិវឌ្ឍសហគមន៍នេសាទ ក្នុង រយៈពេល១ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន:។

លោក​ បានបន្ដថា​ សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផលឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត៕

To Top
×