ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ​ សោកស្តាយ ក្រោយរកឃើញ សាកសពបុរសម្នាក់ ធ្លាក់ពីលើទូកនេសាទ​​​​​​ បាត់ខ្លួន ទៅក្នុងទឹកសមុទ្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស​ ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ​ សម្តែងការសោកស្តាយ ចំពោះមរណភាព អ្នកនេសាទ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនទៅក្នុងទឹកសមុទ្រ ក្រោយក្រុមសង្គ្រោះ​ របស់លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយកម្លាំងសមត្ថកិច្ច រកឃើញសាកសព នាព្រឹកនេះ ។

លោកឧកញ៉ា ទៀ វិចិត្រ មានការសោកស្តាយ ចំពោះមរណភាពអ្នកនេសាទរូបនេះ បើទោះជាក្រុមសង្គ្រោះ របស់ក្រុមហ៊ុនលោកឧកញ៉ា និងសមត្ថកិច្ច បានស្វះស្វែងរកជួយសង្គ្រោះយ៉ាងណាក្តី ក្រោយពីបុរសអ្នកនេសាទរូបនេះ ធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ កាលពីរសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០២២។ សាកសពជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះក្រុមហ៊ុន របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច បានរកឃើញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅចំណុចខាងកើតកោះដូង ចម្ងាយប្រហែលជាង៤០០ម៉ែត្រ ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមបញ្ជាក់ថា ជនរងគ្រោះ គឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំណុចដាវលេខ៤៣_៧៩០ ម្តុំខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចបាត់ខ្លួន។ បើតាមម្ចាស់ទូកឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុកកំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងដែរថា មុនកើតហេតុពួកគាត់ បានចេញទៅនេសាទ មានគ្នាចំនួន៣នាក់ ហើយពេលកំពុងនេសាទក្នុងសមុទ្រ ជនរងគ្រោះដែលជាកូនដៃទូក បានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗពួកគាត់ ក៏បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។

បច្ចុប្បន្នក្រុមសង្គ្រោះក្រុមហ៊ុន​ របស់លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច បាននាំយកសាកសពជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយ ក្នុងនោះជាមួយការរំលែកទុក្ខ ជាមួយគ្រួសារជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលជាបច្ចយ័បុណ្យសព ចំនួន១លានរៀលផងដែរ៕

To Top