ព័ត៌មានជាតិ

រដ្ឋសភា បដិសេធការចោទប្រកាន់របស់ប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ពីដំណើរទស្សកិច្ចសម្តេចតេជោ ទៅមីយ៉ាន់ម៉ា (Video)

ភ្នំពេញ ៖ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់ដោយអសីលធម៌ របស់ប្រធានសមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស(APHR) ជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២។

ការចេញប្រតិកម្មរបស់គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នេះ ក្រោយពីលោក Charles Santiago ដែលបច្ចុប្បន្នជាប្រធានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) និងជាសមាជិកសភាមកពីគណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ី បានវាយប្រហារសម្តេចតេជោ អំពីដំណើរទៅកាន់មីយ៉ាន់ម៉ា។ នេះជាបុគ្គលទី២របស់មីយ៉ាន់ម៉ាហើយដែលត្រូវបានភាគីកម្ពុជា ឆ្លើយតបទៅវិញ បន្ទាប់ពីលោក Saifuddin Abdullah ជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី តាមរយៈបទសំភាសន៍ ជាមួយសារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ បានវាយប្រហារ និងរិះគន់សម្តេចផងដែរ។

សេចក្តីថ្លែងការណ៍បដិសេធរបស់រដ្ឋសភានាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា “សូមធ្វើការច្រានចោលយ៉ាងខ្លាំងក្លាចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងងងឹតងងល់ ដោយអង្គការមួយដែលមានឈ្មោះថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ” ។

បើតាមសេចក្តីថ្លែងការណ៍ដដែល គឺលោក Charles Santiago ត្រូវបានគេមើលឃើញថា ជារឿយៗ មានជាប់ពាក់ព័ន្ធជាមួយនឹងសកម្មជននយោបាយ ជ្រុលនិយមមួយក្តាប់តូច ក្រុមអ្នកនយោបាយដែលចង់បង្កសង្គ្រាម ឬក្រុមជនក្រៅច្បាប់មួយចំនួន។

ប្រភពបន្តថា ការញុះញង់ឲ្យមានការរិះគន់ និង ចេតនាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ និងបេសកកម្មស្វែងរកសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាការប្រឆាំងទាំងស្រុង ចំពោះសន្តិភាព និងជាអំពើអសីលធម៌ ដោយសារតែពួកគេត្រូវបានលាងខួរក្បាល(បង្វក់) ឬខ្វះបញ្ញា សូម្បីតែការយល់ដឹងអំពី សុភវិនិច្ឆ័យ។ ដូច្នេះលោក Charles Santiago គួរតែអប់រំខ្លួនឯងឡើងវិញ និងមានសុភាវធម៌គ្រប់គ្រាន់ ដើម្បីទទួលយកការពិត ក៏ដូចជា លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច។

បើតាមសេចក្តីថ្លែងការណ៍ឲ្យដឹងទៀត លោក Charles Santiago និងបក្ខពួកគួរតែទទួលយកការពិតពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ បង្ហាញពីការលះបង់ផ្ទាល់ខ្លួនក្នុងការកសាងសន្តិភាពសម្រាប់មីយ៉ាន់ម៉ា ក៏ដូចជាសុខុមាលភាព និងសិទ្ធិ មនុស្សរបស់ប្រជាជនមីយ៉ាន់ម៉ា ខណៈសម្តេច និងគណៈប្រតិភូកម្ពុជាបានយកខ្លួនចូលក្នុងស្ថានភាពគ្រោះថ្នាក់ ទាំងក្នុងអំឡុង ពេលមានជំងឺរាតត្បាតកូរ៉ដ-១៩ផង និងក្នុងស្ថានភាពវិបត្តិដែលកំពុងបន្តកើតមាននៅប្រទេសមីយ៉ាន់ម៉ាផង។

ជាមួយគ្នានេះ ប្រជាជនមីយ៉ាន់ម៉ាអាស៊ាន និងសហគមន៍អន្តរជាតិ គួរតែមានមោទនភាព និងថ្លែងអំណរគុណ សម្តេចតេជោ ចំពោះសកម្មភាពដ៏អង់អាចក្លាហាន និងការប្តេជ្ញាចិត្តក្នុងការធានាសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅមីយ៉ាន់ម៉ា ក្នុងតួនាទីជាមិត្តល្អ អ្នកជិតខាងល្អ និងបងប្អូនល្អរបស់ប្រជាជនមីយ៉ាន់ម៉ា ៕

To Top