ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ព្រួយបារម្ភលើការ បោះចោលអាគុយចាស់ៗ ចេញពីរថយន្តដើរ ថាមពលអគ្គិសនី

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការព្រួយបារម្ភ លើការបោះចោល អាគុយចាស់ៗ ចេញពីរថយន្តដើរថាមពលអគ្គិសនី ។ លោកស្នើក្រុមហ៊ុន CACS និងក្រុមហ៊ុន GCC ពិចារណាលើបញ្ហានេះ ដើម្បីចៀសវាងធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរដល់បរិ ស្ថាន ។

ក្រុមហ៊ុនទាំង២នេះ ត្រូវលោក ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍ ឲ្យ ចាប់អារម្មណ៍លើការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការ ស្ថានីយ៍សាកថ្ម រថយន្តតាក់ស៊ី ដើរដោយថាមពលអគ្គិសនី។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិន ប្រចាំកម្ពុជា ដឹកនាំដោយ លោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មចិន អមដំណើរពីតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល គាំទ្រដល់គម្រោង ក្រុមហ៊ុន ស្នើឡើង និងបានផ្តល់អនុសាសន៍ ឲ្យក្រុមហ៊ុនផ្តោតការចាប់អារម្មណ៍ លើការវិនិយោគហេដ្ឋា រចនាសម្ព័ន្ធ សម្រាប់ដំណើរការស្ថានីយ៍ សាកថ្មរថយន្តតាក់ស៊ីដើរ ដោយថាមពលអគ្គិសនី នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយ ការបំពុលបរិស្ថាន ។

ប៉ុន្តែលោករដ្ឋមន្រ្តី ក៏បានបង្ហាញ ការព្រួយបារម្ភលើការបោះចោល អាគុយចាស់ៗ ចេញពីរថយន្តដើរ ថាមពលអគ្គិសនី និងបានស្នើឲ្យក្រុមហ៊ុន ពិចារណាលើបញ្ហានេះ ឲ្យបានសមស្រប ដើម្បីចៀសវាង ការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ។

លោកបន្ដថា ទន្ទឹមនឹងនេះ ក្រសួងគ្រោងនឹងរៀបចំដាក់តាំង បង្ហាញរថយន្តដើរដោយ ថាមពលអគ្គិសនីនៅក្នុង Showroom ក្នុងបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យានយន្ត សម្រាប់ធ្វើដំណើរផងដែរ ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើង ផងដែរ អំពីតួនាទីជាអ្នកសម្របសម្រួល របស់ក្រសួង សាធារណការ និងដឹកជញ្ជូនរវាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងវិស័យឯកជន និងបានសង្កត់ធ្ងន់ថា ក្រសួងមិនមែនជាចៅហ្វាយ របស់វិស័យឯកជនទេ ប៉ុន្តែជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនសន្យា នឹងលើកយកបញ្ហាកង្វល់ទាក់ទងនឹងការបោះ ចោលអាគុយចាស់ៗ ចេញពីររថយន្ត ដែលលោកទេសរដ្ឋមន្ត្រី បានលើកឡើង ទៅរាយការណ៍ជូនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីពិចារណាយកទៅអនុវត្ត នៅពេលគម្រោងនេះចាប់ផ្តើម ដំណើរការនៅកម្ពុជា។

លើសពីនេះទៀត តំណាងក្រុមហ៊ុននីមួយៗ ក៏បានបង្ហាញបទពិសោធន៍ និងសកម្មភាព ការងាររបស់ខ្លួន ក៏ដូចជាទំនាក់ទំនង ជាមួយនឹងបណ្ដាក្រុមហ៊ុន ពាក់ព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រថយន្តដើរ ដោយថាមពលអគ្គិសនី និងបានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយ សាកថ្មរថយន្ត EVs ចំនួន១០ ទីតាំង ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ ឲ្យមានការប្រើប្រាស់ពី សំណាក់សាធារណៈទូទៅ ៕

To Top