ព័ត៌មានជាតិ

ជប៉ុន នឹងបង្កើតរោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទី លើផ្ទៃដី១ពាន់ហិកតា ក្នុងខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន គ្រោងនឹងបង្កើតរោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិផ្សេងទៀត នៅលើទំហំដី១ពាន់ហិកតា ក្នុងខេត្តព្រះវិហារ ។ នេះពិតជាដំណឹងគួរឲ្យរីករាយមួយសម្រាប់កសិករដែលនិយមដាំដុះស្វាយចន្ទី ។

យោងតាមហ្វេសប៊ុក លោក វេង សាខុន បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកបានអនុញ្ញាតឲ្យលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS និងសហការីចូលជួប ដើម្បីសម្តែងការគួសម និងស្នើសុំអនុសាសន៍មួយចំនួន ទាក់ទងការវិនិយោគ ដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។

សម្រាប់នាយកក្រុមហ៊ុន បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលា ទទួលជួប និងពិភាក្សាអំពីកម្មវត្ថុវិនិយោគលើដំណាំស្វាយចន្ទី លើផ្ទៃដី ១០០០ហិកតា ក្នុងខេត្តព្រះវិហារនេះ ។

ការវិនិយោគនេះ មានគោលបំណងសំខាន់ បង្កើតរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទី សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិផ្សេងទៀត ។ កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់ ជំនួសឲ្យវត្ថុប្លាស្ទីក ដែលកំពុងបំផ្លាញបរិស្ថាន ។ អ្វីដែលមានសារៈសំខាន់បំផុតនោះ គឺផលិតផលជាកំប៉ុង ដប ថង់ ដែលផលិតចេញជាប្រេង ពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយ យ៉ាងងាយស្រួលបំផុត ទៅក្នុងដី ក្រោយពេលបានប្រើប្រាស់រួច ។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានផ្តល់យោបល់ឲ្យក្រុមហ៊ុន បង្កើតរោងចក្រជាជំហានដំបូង ជាការសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យា ប្រមូលទិញពីប្រជា កសិករ សហគមន៍ និងក្រុមហ៊ុន ក្នុងស្រុកមួយចំនួនទៀត សំខាន់ជាងនេះ គឺស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល។

លោករដ្ឋមន្ត្រីអះអាងថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ គ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះ ទទួលបានជោគជ័យ ដើម្បីមានឈ្មោះល្បី លើឆាកអន្តរជាតិថា កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងកម្ពុជាយកសំបកគ្រាប់ស្វាយចន្ទី ជាប្រយោជន៍សម្រាប់វិស័យ ឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារប្រើប្រាស់ ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្នើសូន្យ ៕

To Top