ព័ត៌មានជាតិ

ឆ្នាំ២០២១ ក្រសួងសាធារណការ ចុះបញ្ជីផ្លាកលេខ ពិសេសផ្ទាល់ខ្លួនជាង ៥ពាន់ផ្លាក ទទួលចំណូល ៣៨ប៊ីលានរៀល

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ ការចុះបញ្ជីផ្លាកលេខពិសេស ផ្ទាល់ខ្លួនបានចំនួន ៥ ២៩១ ផ្លាក ដោយទទួលចំណូល ៣៨ប៊ីលានរៀល ខណៈការចុះបញ្ជីផ្លាកលេខពិសេស សម្រាប់ថ្នាក់រាជធានី-ខេត្ត បានចំនួន២៧ ៤៣៧ ផ្លាក និងទទួលចំណូលជាង ៣០ប៊ីលានរៀល ។

នេះបើយោងតាមរបាយការណ៍ ក្រសួងសាធារណការ បង្ហាញក្នុងសន្និបាតបូកសរុប សមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ នាថ្ងៃ២៧ មករា ។

ជាមួយគ្នានេះ ចាប់តាំងពីបើកដំណើរការចុះបញ្ជី ផ្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងចុះបញ្ជី ចំនួន៩ ០០៧ ផ្លាក និងទទួលបានចំណូលជាង ៧១ប៊ីលានរៀល។ ខណៈការចុះបញ្ជីយានយន្ត សរុបចំនួន ៤៥៤ ៧០៨ គ្រឿង ក្នុងនោះ រថយន្តធុនស្រាល ចំនួន៥៦ ២៨០ គ្រឿង រថយន្តធុនធ្ងន់ ចំនួន១២ ៤៣៦ គ្រឿង និងម៉ូតូ ចំនួន៣៨៥ ៩៩២ គ្រឿង។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី បានណែនាំមន្ត្រីក្រោមឱវាទ បន្តរឹតបន្តឹងគុណភាពផ្លូវឲ្យបានម៉ត់ចត់ នៅឆ្នាំ២០២២ ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្តសាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឲ្យមានប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ។

លោក បានបន្ដថា មន្ដ្រីក្រោមឱវាទរបស់ក្រសួងទាំងអស់ ត្រូវធ្វើការងារដោយមានប្រសិទ្ធភាព តម្លាភាព ហើយបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវបំផុត។ លោក ក៏បានផ្ដាំផ្ញើដល់មន្ដ្រីទាំងអស់ ត្រូវទប់ស្កាត់កន្លែងកែច្នៃ រថយន្ដខុសលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា គិតមកទល់បច្ចុប្បន្នបណ្តាញផ្លូវជាតិ និងផ្លូវជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបាននិងកំពុងលើក កម្រិតគុណភាពពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវអាទិភាពមួយចំនួន។ ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្ត ដែលចរាចរណ៍នៅតាម ដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង៕

To Top