ព័ត៌មានជាតិ

ចំណងដៃថ្មី​ សម្រាប់ពលរដ្ឋ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងដាក់អំពូលសូឡា​តាមដងផ្លូវ

កណ្ដាល ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានណែនាំក្រុមការងារ ចុះបំពាក់ប្រព័ន្ធភ្លើង អំពូលសូឡាជាង ១០០ដើមបន្ថែមទៀត នៅភូមិព្រែកតាមាក់ ភូមិស្វាយអាត់លើ និងភូមិស្វាយអាត់ក្រោម ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីបំភ្លឺផ្លូវសាធារណៈ ព្រមទាំងលំនៅដ្ឋានប្រជាពលរដ្ឋ។

ការដាក់អំពូលសូឡាជាច្រើន ដើមជូនប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគោលបំណង លើកម្ពស់សោភ័ណភាព ភូមិ-ឃុំ ព្រមទាំងការពារសន្តិសុខ សុវត្ថិភាព នៅតាមដងផ្លូវ ជាពិសេសបង្កឲ្យមានភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាពលរដ្ឋពីផ្ទះមួយ ទៅផ្ទះមួយ ពីភូមិមួយ ទៅភូមិមួយ។

ជាងនេះទៅទៀត ការដាក់អំពូលសូឡានាពេលនេះ គឺបើកទំព័រថ្មីសម្រាប់ប្រជាពលរដ្ឋ រស់នៅឃុំព្រែកតាមាក់ ដើម្បីឲ្យមានសោភ័ណភាពទាក់ទាញបន្ថែមទៀត ទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ហើយក៏ជាការគិតគូរសុខទុក្ខប្រជាពលរដ្ឋ ពីលោកអភិបាលស្រុក។

ផ្ទាំងពាណិជ្ជកម្ម

ប្រជាពលរដ្ឋរស់នៅឃុំព្រែកតាមាក់ ក៏ដូចជាមហាជនដែលធ្វើដំណើរ តាមដងផ្លូវនាពេលយប់ មានចិត្តសប្បាយរីករាយ និងអបអរសាទរដែលអាជ្ញាធរ ស្រុកខ្សាច់កណ្ដាល បានដាក់អំពូលសូឡា តាមដងផ្លូវសាធារណៈ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ព្រមទាំងលើកកម្ពស់សោភណ្ឌភាព ពិសេស ជួយសម្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅពេលយប់ ផងដែរ។

ក្នុងនោះដែរ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល តែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋជាប់ជាប្រចាំ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានជាបន្តបន្ទាប់។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានគម្រោងយ៉ាងច្បាស់លាស់ ដើម្បីដំឡើងអំពូលសូឡា ឲ្យបានគ្រប់ៗភូមិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្ត គម្រោងដំឡើងភ្លើងបំភ្លឺផ្លូវតាមភូមិ និងស្រុក ខេត្តនានា ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព នៅពេលយប់៕

To Top
×