ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត រំលេចវីរភាព សម្ដេចតេជោ ចំពោះសិស្ស ទើបប្រឡងជាប់បាក់ឌុប ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង

ភ្នំពេញ: លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីវីរភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជូនសិស្ស ទើបប្រឡងជាប់បាក់ឌុប ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងខេត្តកំពង់ចាម នា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

លោក ម៉ាណែត សូមអបអរសាទរចំពោះការទទួលបានសមិទ្ធផលជាច្រើននៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលកាន់តែមានការរីកចម្រើន ស្របគ្នាទៅនឹងការរីកចម្រើននៃវិស័យអប់រំទាំងមូលនៅក្នុងខេត្ត និងសូមអរគុណចំពោះការចូលរួមចំណែករបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងសប្បុរសជន ដែលភាគច្រើនក៏ជាអតីតសិស្សនៅក្នុងវិទ្យាល័យនេះ។ ទាំងនេះ គឺជាការតបស្នងសងគុណចំពោះសាលា និងភូមិកំណើត ដែលបានផ្តល់នូវឱកាសរៀនសូត្រ រហូតទទួលបានជោគជ័យលើការសិក្សាជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស ហើយបានចូលរួមបម្រើការងារក្លាយជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងឯកជន។

លោក បន្ថែមថា សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ ការរៀបចំដោយហ្មត់ចត់លើការប្រឡងទាំងអស់ គឺធ្វើយ៉ាងណាឱ្យជាប់ គឺជាប់ដោយមោទនភាព និងបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត ដើម្បីធានាបាននូវគុណភាពនៃការអប់រំ ព្រមទាំងមោទនភាពសម្រាប់គ្រួសារ និងសង្គមជាតិ។ ពិតណាស់ សមិទ្ធផលជាច្រើននៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែករបស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ ០៣ សំខាន់ រួមមាន៖

ផ្ទាំងពាណិជ្ជកម្ម

-ទី១. គឺតួអង្គក្មួយៗ ដែលបានខិតខំរៀនសូត្រ។ សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យក្មួយៗមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។
-ទី២. គឺតួអង្គឪពុកម្តាយ អាណាព្យាបាល ដែលចិញ្ចឹមបីបាច់ថែរក្សាដោយទំនុកបម្រុងគ្រប់បែបយ៉ាង។ ជោគជ័យលើការសិក្សា និងការងាររបស់ក្មួយៗ គឺជាការតបស្នងសងគុណមួយក៏ស័ក្តិសមបំផុតសម្រាប់ពួកគាត់។
-ទី៣. គឺតួអង្គលោកគ្រូ អ្នកគ្រូ។ ពេលមកដល់សាលា គឺមានលោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២។ សិស្សៗម្នាក់មានសំបកតួខ្លួនខាងក្រៅ ឯកលោកគ្រូ អ្នកគ្រូ ជាអ្នកបំពេញឱ្យយើងនៅខាងក្នុង ទាំងចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាព ដើម្បីក្លាយជាធនធនសំខាន់សម្រាប់គ្រួសារ និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះ គឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទំាងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ។ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។

៣. ការផ្តល់កំណើត និងការជួយសង្គ្រោះជិត គឺជាគុណដ៏ធំធេងបំផុត។ ក្នុងឆាកជីវិតនយោបាយរបស់ សម្តេចតេជោ កន្លងមកនេះ លោកបានជួយសង្គ្រោះអាយុជីវិតប្រជាជន ក្នុងស្ថានការណ៍ធំៗ ០៣ លើករួចមកហើយ៖ ជាអាទិ៍ការរំដោះប្រជាជន ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយឈ្នះ-ឈ្នះ, និងថ្មីៗនេះ គឺសច្ចភាពនៃការសង្គ្រោះជីវិត ដោយតថ្លៃជាមួយមច្ចុរាជ និងរក្សាបានជីវិតប្រជាពលរដ្ឋរាប់សែននាក់ នៅក្នុងវិបត្តិនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។ នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត ដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសភាគច្រើនមានការអល់អែកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឱ្យបានច្បាស់លាស់ ប៉ុន្តែ សម្តេចតេជោ បានធ្វើការអារកាត់សម្រេចចិត្តដាក់ចេញនូវវិធានការនានាទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយការប្រុងប្រយ័ត្នជាមួយនឹងការសិក្សាគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវ ដោយឈរលើមូលដ្ឋានអាទិភាពចម្បងបំផុត គឺការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនអាចពន្យាពេលរង់ចាំបាន រហូតកម្ពុជាឈានត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ តាមរយៈការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ និងការបើកប្រទេសលើគ្រប់វិស័យឡើងវិញ ខណៈដែលអត្រាឆ្លងថ្មីមានកម្រិតទាប ហើយករណីស្លាប់ក៏មិនទាន់មានថ្មី ទោះបីជាមានការរាតត្បាតនៃមេរោគបំប្លែងថ្មីក៏ដោយ៕

To Top
×