ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល អញ្ជើញ​បិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្ធសន្និបាត ប្រចាំឆ្នាំក្រោមប្រធានបទ »ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់ បច្ចេកវិទ្យាទំនើប »។

សន្និបាតប្រចាំឆ្នាំ របស់ ក្រសួងសាធារណការ ធ្វើឡើង ក្នុងគោលបំណងពិនិត្យមើល វឌ្ឍនភាពការងារ ការពិភាក្សាផ្លាស់ប្ដូរយោបល់ និងដកស្រង់បទ ពិសោធន៍ល្អៗ ការអនុវត្តតាមអនុសាសន៍ដ៏ល្អប្រពៃ មានតម្លៃ និងប្រកបដោយគតិបណ្ឌិត របស់ប្រមុខ រាជរដ្ឋាភិបាល ដើម្បីជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវ ដោះស្រាយ បំពេញបន្ថែម និងកែលម្អចំណុចខ្វះខាតនានា ដែលមានកន្លងមក និងដើម្បីឈានទៅ អនុវត្ដទិសដៅនិងការងារថ្មីៗ នៅ បណ្ដាឆ្នាំខាងមុខ ជាពិសេសឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ។

ផ្ទាំងពាណិជ្ជកម្ម

សូមជម្រាបជូនថា គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួច ប្រមាណជាង១៥ ០០០គីឡូម៉ែត្រ ហើយបាន និងកំពុងលើកកម្រិតគុណភាព ពីកៅស៊ូពីរស្រទាប់(DBST) ទៅបេតុងកៅស៊ូ(AC) និងពង្រីកពី២គន្លង ទៅ៤គន្លង នៅតាមខ្សែផ្លូវ អាទិភាពមួយចំនួន។

ដោយឡែកកំណើនរថយន្ត និងទោចក្រយានយន្តដែលចរាចរណ៍ នៅតាមដងផ្លូវនាពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំ១៩៩៨ ចំនួនរថយន្ត មានការកើនឡើងប្រមាណពី ៦,៥ម៉ឺនគ្រឿង រហូតដល់ ៩២ម៉ឺនគ្រឿង រីឯចំនួនទោចក្រយានយន្តវិញ កើនឡើងប្រមាណពី ២០ម៉ឺនគ្រឿង រហូតដល់ ៥,២លានគ្រឿង ៕

To Top