ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំប្រឡង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ សម្រាប់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទទួលពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី៧, ១១ មីនា ២០២២ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាព ជីវិតក្នុងសង្គមឌីជីថល»។

យោងតាមលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត រៀបចំដំណើរការប្រឡងប្រណាំង ជ្រើសរើសជ័យលាភីលេខ១ ថ្នាក់ក្រោមជាតិទាំងបីវិញ្ញាសា ដោយថតជាវីដេអូ (វិញ្ញាសាអានអត្ថបទ និងស្មូតកំណាព្យ) និងស្នាដៃសំណៅដើម របស់ជ័យលាភីផ្នែកតែងនិពន្ធ រួចបញ្ចូនមក នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សាឲ្យបានមុនថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ជាកំហិត៕

To Top