ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ទទូចឱ្យពលរដ្ឋការពារខ្លួនពីការចម្លងកូវីដ១៩ ជាពិសេសអូមីក្រុង

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទូចដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដការពារខ្លួន ពីការចម្លងវិរុសកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន-វៀតណាម នាពេលនេះ។

តាមរយៈសារសំឡេង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានអនុវត្តនូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងនេះបានល្អប្រសើរ។ប៉ុន្តែមានពលរដ្ឋមួយចំនួនទៀតហាក់ដូចជាមានការធ្វេសប្រហែស មិនអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ ខណៈកម្ពុជា កំពុងតែឆ្ពោះទៅរកដំណើរការសង្គម-សេដ្ឋកិច្ច ឡើងវិញ។

លោកស្រី បន្ដថា ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងជារៀងរាល់ថ្ងៃ អំពីការរកឃើញនូវការចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង។
លោកស្រី ថា ដើម្បីធានាបាននូវនិរន្តរភាព នៃការរស់នៅធម្មតាតាមប្រក្រតីភាពថ្មី ក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យបានជានិរន្តរ៍យូរអង្វែងតទៅ លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមអនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។

លោកស្រី បញ្ជាក់ថា «ខ្ញុំ សូមធ្វើការអំពាវនាវ ដ៏ទទូចសូមឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការថែរក្សាសុខភាពរបស់ខ្លួន ចៀសវាងកុំឲ្យមានការចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងអំឡុងពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយរីករាយ នៅក្នុងពិធីសែនដូនតា ក៏ដូចជា ដំណើរ ដើរកម្សាន្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើង។ ហើយក៏ដូចជាការចាត់ចែងរៀបចំពិធីអ្វីផ្សេងៗ ដូចជាពិធីអាពាហ៍ពិពាហ៍ក្ដី ឬក៏ដូចជាពិធីបុណ្យទាន សូមអនុវត្តនូវវិធានការការពារខ្លួននេះឲ្យបានជាប់លាប់»។

នាឱកាសនោះ លោកស្រី រដ្ឋលេខាធិការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសទី ៣ ឬដូសជំរុញ ត្រូវរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា នៅតាមទីតាំងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីពេទ្យជាតិ ដែលបច្ចុប្បន្ននេះកំពុងតែដំណើរការយ៉ាងសកម្ម នៅក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយមិនមានការរើសអើង ឋានៈអ្វីទាំងអស់ ដើម្បីរក្សាឲ្យបាននូវភាពស៊ាំក្នុងសហគមន៍ និងធានាបាននូវកិច្ចដំណើរការ នៃសកម្មភាព សង្គម-សេដ្ឋកិច្ច ឡើងវិញ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១២១,៣៩០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១១៧,៦៣៣នាក់ និងអ្នកស្លាប់ ចំនួន៣,០១៥នាក់៕

To Top