ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រ
កម្ពុជា នៅទីក្រុងហ្សឺណែវ សូមបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្ដីថ្លែងការណ៍ ដែលមើលឃើញតែមួយជ្រុង ធ្វើនយោបាយូបនីកម្ម បែបស្រមើស្រមៃ និងបង្កការភ័ន្តច្រឡំ របស់អ្នករាយការណ៍ពិសេសបីរូប ដែលពុំមែនជាបុគ្គលិកអង្គការសហប្រជាជាតិពាក់ព័ន្ធនឹង ” ច្រកទ្វារអ៊ីនធឺណិត ជាតិ” នៅកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ការបង្កើត” ច្រកទ្វារអ៊ីនធឺណិតជាតិ” គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និង ភាពចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាគូសបញជាក់ថា វិធានការដែលនឹងត្រូវអនុវត្ត គឺមានភាពចាំបាច់និងសមាមាត្រ នៅក្នុងទិសដៅស្របច្បាប់។ ដោយជំនួសឱ្យការចោទប្រកាន់គ្មានមូលដ្ឋាន និងការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ស្ថានបេសកកម្មកម្ពុជា ស្នើយ៉ាងទទូចឱ្យអ្នករាយការណ៍ពិសេស បង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើការព្រួយបារម្ភ ចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្ស ដូចជា ការប្រើប្រាស់ភាសាសម្អប់ ការនិយាយបង្កាច់បង្ខូច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការរើសអើងវ៉ាក់សាំងកូវីដ១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ ហើយដែលអ្នកជំនាញអស់ទាំងនោះបែរជាសម្ងំនៅស្ងៀមស្ងាត់គួរឱ្យភ្ញាក់ផ្អើល សម្រាប់ហេតុផលមួយចំនួន៕