នយោបាយ

សម្ដេចតេជោ ប្រកាសធ្វើការយ៉ាងជិតសិ្នទ ជាមួយលោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅវ៉ាស៊ីនតោន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគាំទ្រពេញទំហឹង និងធ្វើការយ៉ាងជិតស្និទជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន គាំទ្របែបនេះបន្ទាប់ពី លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក នាថ្មីៗនេះ បានផ្ញើលិខិតជូនសម្តេច ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍សម្តេច ទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។

ក្នុងសារលិខិតរបស់ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់ សម្តេចតេជោ ថា «ខ្ញុំសង្ឃឹមថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិក សង្ឃឹមថា ទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់»។

លោក បន្ដថា អាមេរិក គាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេ ចំពោះនិម្មាបនកម្មតំបន់ ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក រំពឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជ្រាបរួចហើយតាមរយៈ ឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ លោក អញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេស ជាមួយលោក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត។

ជាការឆ្លើយតបទៅលោក លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានផ្ញើលិខិតជូន លោក ចូ បៃដិន ដែលបានអញ្ជើញ សម្តេច ចូលរួម ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាពេលខាងមុខនេះ។

សម្ដេចតេជោ បញ្ជាក់ថា «ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំ កិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។

សម្ដេចតេជោ មានជំនឿថា កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវកាលានុវត្តភាពល្អមួយ សម្រាប់យើងផ្លាស់ប្តូយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ អាស៊ាន-សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត។ សម្តេច ក៏បានបញ្ជាក់អំពីការទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោក ចូ បៃដិន និងជួបជាមួយលោក ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោនផងដែរ៕

To Top