នយោបាយ

ក្រសួងយុត្តិធម៌៖ សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការ របស់តុលាការ

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការ របស់តុលាការនោះទេ ដូច្នេះត្រូវអនុវត្តសិទ្ធិ ក្នុងក្របខណ្ឌព្រំដែន នៃច្បាប់។

ការលើកឡើងរបស់ លោក គឹម សន្ដិភាព ក្រោយពីសារព័ត៌មាន VOA បានចេញផ្សាយថា «បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និយាយនៅថ្ងៃសុក្រនេះថា ការបដិសេធរបស់តុលាការ មិនឲ្យអង្គការសង្គមស៊ីវិល ចូលសួរសុខទុក្ខថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដែលកំពុងជាប់ឃុំ ដោយសារសកម្មភាពតស៊ូមតិ នោះគឺជារឿងអយុត្តិធម៌ និងបង្ហាញការអនុវត្តច្បាប់ មិនមានតម្លាភាព»។

ជាការឆ្លើយតប លោក គឹម សន្តិភាព បានសរសេរ លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៥ កុម្ភៈ ថា «សង្គមស៊ីវិល គ្មានសិទ្ធិចូលជួបជនជាប់ឃុំ ដែលស្ថិតក្រោមយុត្តាធិការ របស់តុលាការនោះទេ សូមអនុវត្តសិទ្ធិក្នុងក្របខណ្ឌព្រំដែន នៃច្បាប់!។ សូមជម្រាបជូនថា ការដែលចៅក្រមស៊ើបសួរ សម្រេចមិនអនុញ្ញាត ឲ្យបុគ្គលណាមួយ ចូលជួបជាមួយជនជាប់ឃុំ ត្រូវឈរលើមូលដ្ឋាននៃច្បាប់ និងលើភាពពាក់ព័ន្ធរ វាងបុគ្គលនោះ និងជនជាប់ឃុំ!»។

លោក បន្ដថា មានតែបុគ្គល ដែលបានកំណត់ ក្នុងច្បាប់តែប៉ុណ្ណោះ ដូចជា មេធាវីការពារសិទ្ធិ និងក្រុមគ្រួសារ ហើយដែលអ្នកទាំងនោះ មិនពាក់ព័ន្ធនឹងសកម្មភាពល្មើសណាមួយ របស់ជនជាប់ឃុំខ្លួនតែប៉ុណ្ណោះ ដែលអាចទទួលបាន ការអនុញ្ញាតឲ្យចូលជួបជនជាប់ឃុំបាន ក្រោយការពិនិត្យ និងសម្រេចរបស់តុលាការ។ លោក ថា រីឯបុគ្គល ដែលច្បាប់ពុំបានផ្តល់សិទ្ធិ ឬបុគ្គលដែលមានសកម្មភាពពាក់ព័ន្ធ ជាមួយសកម្មភាពល្មើសណាមួយ របស់ជនជាប់ឃុំ ដែលកំពុងស្ថិត ក្នុងយុត្តាធិការរបស់តុលាការនោះ ជាកម្មវត្ថុ នៃការមិនអនុញ្ញាត ក្នុងការចូលជូបជនជាប់ឃុំនោះទេ។

លោក រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា «សូមសង្គមស៊ីវិល សិក្សាអំពីតួនាទី និងសិទ្ធិរបស់ខ្លួន ដែលចែងក្នុងច្បាប់ឲ្យបានច្បាស់លាស់ ហើយសូមអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងក្របខណ្ឌព្រំដែន នៃច្បាប់ ដែលបានកំណត់ឲ្យបានត្រឹមត្រូវ!»។

សូមបញ្ជាក់ថា នៅកម្ពុជាគ្មានមាត្រាច្បាប់ណាមួយ ដែលចែងអំពីសិទ្ធិរបស់សង្គមស៊ីវិល ក្នុងការចូលជួបជនជាប់ឃុំនោះទេ ហេតុនេះការសម្រេចរបស់ចៅក្រម ក្នុងបដិសេធ មិនអនុញ្ញាតឲ្យតំណាងសង្គមស៊ីវិល ចូលជួបជនជាប់ឃុំ គឺជាសិទ្ធិអំណាចតាមច្បាប់ របស់តុលាការកម្ពុជា និងជាការអនុវត្តត្រឹមត្រូវ ទៅតាមនីតិវិធីនៃច្បាប់កម្ពុជាផងដែរ៕

To Top