ព័ត៌មានជាតិ

ស៊ីម៉ាក់ បន្ដធ្វើឲ្យកម្ពុជា អស់ការគំរាមកំហែង ដោយសារគ្រាប់មីន ត្រឹមចុងឆ្នាំ២០២៥ (Video)

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងថា ស៊ីម៉ាក់ នឹងបន្តខិតខំធ្វើយ៉ាងណាឲ្យកម្ពុជា អស់ការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមចុងឆ្នាំ២០២៥ ខាងមុខ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Juan Carlos Ruan ជាប្រធានលេខាធិការដ្ឋាន នៃអនុសញ្ញាអន្តរជាតិ ស្តីពីការហាមប្រាមការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុកគ្រាប់មីន ប្រឆាំងមនុស្ស មានវសនដ្ឋាននៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា បានប្រាប់លោក Juan Carlos Ruan ថា រាជរដ្ឋាភិបាល ជំរុញភាពជាម្ចាស់លើគ្រប់វិស័យ ដោយរួមទាំងវិស័យមីន ផងដែរ។

លោកបញ្ជាក់ថា «អង្គភាពស៊ីម៉ាក់ ជាស្ថាប័នជាតិ និង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តសកម្មភាពបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនោះ នឹងបន្តខិតខំធ្វើឲ្យបាន សម្រាប់អាណត្តិរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាឲ្យកម្ពុជា អស់ការគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ត្រឹមចុងឆ្នាំ២០២៥ ខាងមុខនេះ»។

លោកបន្ដថា អង្គភាពស៊ីម៉ាក់ មានផែនការច្បាស់លាស់ ក្នុងការរំដោះតំបន់ចម្ការមីនដែលមានកំណត់ត្រា ពហុកោណក្នុងទិន្នន័យជាតិ ជាង៧០៧គីឡូម៉ែត្រក្រឡាស្មើនឹងប្រមាណជិត៩០% នៃទំហំផ្ទៃដី និងចំនួនចម្ការមីន នៅសល់នោះត្រឹមចុងឆ្នាំ២០២៥។ លោកថា ជាក់ស្តែង ឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់ មានផែនការ សម្រាប់បោសសំអាតចម្ការមីន ជាង១៥០គីឡូម៉ែត្រក្រឡា និងចម្ការគ្រាប់បែកចង្កោម ជាង៦០គីឡូម៉ែត្រក្រឡា ផងដែរ ។

ទន្ទឹងនឹងនេះ អង្គភាពស៊ីម៉ាក់ បានទទួលការប្តេជ្ញាចិត្តពីរដ្ឋាភិបាលជប៉ុន ចិន UNDP និង អាមេរិក ព្រមទាំងដៃគូដទៃទៀត បានគាំទ្រដល់ផែនការ យុទ្ធសាស្ត្ររបស់អង្គភាពស៊ីម៉ាក់ ចាប់ពីពេល ឆ្នាំ២០២២ ដល់ចុងឆ្នាំ២០២៥។ ករណីដែលអង្គភាពស៊ីម៉ាក់ អាចរំដោះផ្ទៃដីប្រមាណ៩០% បានសម្រេចតាមផែនការ ដោយសហការជាមួយកង យោធខេមរភូមិន្ទនោះ ប្រតិបត្តិករផ្សេងៗ រួមមាន៖ អង្គការដោះមីនអន្តរជាតិអាចជួយសម្រេចតែ១០% ជាមួយគ្នា អាចជួយរាជរដ្ឋាភិបាលសម្រាប់អាណត្តិរបស់ខ្លួន ស្របតាមអនុសញ្ញាអន្តរជាតិ Ottawa ខានតែបានត្រឹមចុងឆ្នាំ២០២៥៕

To Top