ព័ត៌មានជាតិ

បារាំង សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងកម្ពុជា បញ្ជូនទ័ពមួកខៀវ ចូលរួមបេសកកម្ម ថែរក្សាសន្តិភាព

ភ្នំពេញ ៖ លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំង ប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងយោធពលខេមរភូមិន្ទ នៅក្នុងការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្ម ថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ។

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេស្សនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន ។

ក្នុងឱកាសនោះ លោក វរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ កងយោធពលខេមរភូមិន្ទ នៅក្នុងការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបេសកកម្មកម្មទាំងនោះ ភាគច្រើននៅតំបន់ប្រើប្រាស់ភាសាបារាំង ហើយកងទ័ពមួកខៀវកម្ពុជា អាចប្រើប្រាស់ភាសាបារាំងបានល្អ ។

លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស បានបញ្ជាក់ថា កន្លងមកនេះកងទ័ពបារាំងមានតួនាទីសំខាន់ក្នុងការជួយបណ្ដុះបណ្ដាល ដល់កងយោធពលខេមរភូមិន្ទ ពិសេសលើផ្នែកភាសាបារាំង ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយលោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរ នឹងធ្វើឲ្យមានការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អប្រសើរថែមទៀត ។

ជាកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន ស្វាគមន៍ ចំពោះការមកបំពេញបេសកកម្មកាទូត នៅកម្ពុជារបស់លោកវរនាវីឯក ហ្វ្រេដេរិក ដូម៉ាស ព្រមទាំងបានលើកឡើងជុំវិញ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រហូតធ្វើឲ្យមានសភាព ធូរស្រាលមកដល់បច្ចុប្បន្ន ។

ពាក់ព័ន្ធដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្សពិសេន បានគូសបញ្ជាក់ពីការជួយជ្រោមជ្រែង របស់បារាំងដល់កម្ពុជា ពិសេសនៅក្នុងការជួយសម្របសម្រួលបញ្ហាសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយឈានដល់ការចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តថា នៅឆ្នាំ១៩៩៤ បារាំងបានជួយកងយោធពលខេមរភូមិន្ទ ក្នុងការកសាងធនធានមនុស្ស ការផ្ដល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗផងដែរ។ លោកនាយឧត្តមសេនីយ៍ សង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល កងទ័ពប្រទេសទាំងពីរ នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធថែមទៀត ៕

To Top