បច្ចេកវិទ្យា

Microsoft នឹងកែសម្រួលកម្មវិធី Office ដើម្បីការពារអ្នកប្រើ ពីការវាយលុក តាមរយៈកម្មវិធី Macros

ភ្នំពេញ ៖ ម៉ាក្រូ (Macros) គឺជាកម្មវិធីតូចៗ ដែលត្រូវបាន រចនាឡើងដើម្បីជួយ ក្នុងការអនុវត្តការងារដដែលៗ នៅក្នុងកម្មវិធី Microsoft Office ប៉ុន្តែក្រុមជនខិលខូច តែងតែព្យាយាមប្រើមុខងារនេះ ដើម្បីធ្វើការវាយលុក ចូលទៅក្នុងកុំព្យូទ័រ របស់អ្នកប្រើប្រាស់ ដោយលួចបញ្ចូល កម្មវិធីដែលមានមេរោគ ដែលអាចឲ្យពួកគេ លួចយកទិន្នន័យសំខាន់ៗ លុបទិន្នន័យចោល ឬលួចចូលប្រើពីចម្ងាយបាន។

យោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី៩ កុម្ភៈនេះ បានឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុន Microsoft បានស្វែងរកវិធីដើម្បីការពារអ្នកប្រើប្រាស់ ពីការវាយប្រហារ ដោយបានបិទមុខងារនេះ មិនឲ្យបើកដោយស្វ័យប្រវត្តិ ហើយទាមទារអ្នកប្រើប្រាស់ ចុចនៅលើប៊ូតុង ដែលមានពណ៌លឿង ដើម្បីឯកភាពក្នុងការ ប្រើប្រាស់មុខងារនេះ ។

ទោះជាយ៉ាងណាក្ដី ជនខិលខូចតែងតែរិះរកវិធីថ្មីៗ ដោយបង្កើតឯកសារដែលមានប្រធានបទពិសេស ដើម្បីទាក់ទាញជនរងគ្រោះ មិនត្រឹមតែបើកវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកដំណើរការ មុខងារម៉ាក្រូផងដែរ។

ដើម្បីកែសម្រួលបញ្ហានេះ ចាប់ពីដើមខែមេសា Microsoft នឹងបិទកម្មវិធីម៉ាក្រូទាំងអស់ នៅក្នុងឯកសារដែលទទួលបានពីអ៊ីនធឺណិត ហើយនឹងបង្ហាញការជូនដំណឹង ដល់អ្នកប្រើប្រាស់ថា ឯកសារទាំងនោះមានភ្ជាប់ មកជាមួយនូវកម្មវិធីម៉ាក្រូ និងទាមទារឲ្យពួកគេស្វែងយល់បន្ថែម។ នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើប៊ូតុងដើម្បីស្វែងយល់បន្ថែម វានឹងបង្ហាញអត្ថបទដែលផ្តល់ព័ត៌មាន អំពីហានិភ័យទាក់ទងនឹង ការប្រើប្រាស់កម្មវិធីម៉ាក្រូ ៕

To Top