ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ៖ ប្រសិនបើនៅតែមានការលក់ដូរ រំលោភចិញ្ចើមផ្លូវ ត្រូវហៅមកអប់រំ ធ្វើកិច្ចសន្យា 

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្ស ខណ្ឌ សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នារសៀលថ្ងៃទី៩ ខែកុម្ភៈនេះ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ លើបញ្ហាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយមិនត្រូវឲ្យមានការលក់ដូរ រំលោភលើចំណីផ្លូវសាធារណៈ ប្រសិនបើបន្តរឹងរួស ត្រូវហៅមកអប់រំ ធ្វើកិច្ចសន្យា និងអាចឈានដល់ការបញ្ចូនសុំណុំរឿង ទៅកាន់តុលាការ ។

ក្នុងពិធីសំណេះសំណាលនេះ លោក ឃួង ស្រេង បានណែនាំដល់មន្ត្រីមូលដ្ឋា ត្រូវខិតខំបំរើប្រជាពលរដ្ឋ ឲ្យអស់ពីចិត្តថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្ម និងក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀត នៅមូលដ្ឋាន ព្រោះមិនថាអ្នកមានឬអ្នកក្រទេ គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយ ដែលមានសន្តិសុខសណ្តាប់ និងការរស់នៅប្រកបដោយ ភាពសប្បាយរីករាយ។

ក្នុងនោះលោក អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញារធរខណ្ឌ និងចៅសង្កាត់ទាំងអស់ ចុះជំរុញឱ្យប្រជាពលរដ្ឋ ទៅចាក់វាក់សាំង ឬដុសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីកាន់តែបង្កើនភាពសុំា ក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាតត្បាត ជំងឺកូវីដ១៩ និងវីរុសបំប្លែងថ្មីអូមីក្រុង ដែលជំរុញដល់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានក៏សង្កត់ធ្ងន់ផងដែរ ទៅលើបញ្ហាការរៀបចំ សណ្តាប់ធ្នាប់សាធារណៈ ដោយមិនត្រូវឲ្យមានការលក់ដូ រ រំលោភលើចំណីផ្លូវសារណៈឡើយ ព្រោះធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍ ធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ បើកន្លែងណានៅតែមានការលក់ដូរ គ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូស ត្រូវអនុវត្តវិធានការណ៍ច្បាប់ កសាងសំណុំរឿងទៅកាន់តុលាការ។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានស្នើរអភិបាលខណ្ឌ ចៅសង្កាត់ ត្រូវបំពេញការងារនេះឱ្យល្អ ព្រោះនៅតាមផ្លូវ មានការលក់ដូររញ៉េរញៃ នៅតំបន់គិរីរម្យ មានការលក់ម៉ូតូរំលោភលើចំណីផ្លូវ ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីធានាឱ្យតាមដងផ្លូវ មានភាពស្រស់ស្អាត ប្រជាជនងាយស្រួលធ្វើដំណើរ ។

ក្នុងនោះដែរ លោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្ស ខណ្ឌ៧មករា បក្សសង្កាត់ បានគាំទ្រពីផែនការ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈនេះថា ជាការចង់បានរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ មានចំណីផ្លូវ សម្រាប់អ្នកថ្មើជើងធ្វើដំណើរ មិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរសង្កាត់នឹងបង្កើនកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ច បន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែល្អ ដើម្បីឱ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើម ពីការយកចិត្តទុកដាក់របស់អាជ្ញាធរ៕

To Top