ព័ត៌មានជាតិ

កម្ពុជា អំពាវនាវភាគីពាក់ព័ន្ធ បន្ដជំរុញកិច្ចសហប្រតិបត្តិការ បង្រួបបង្រួមកូរ៉េទាំង២ ដោយសន្ដិភាព (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្ដជំរុញកិច្ចសហប្រតិបត្តិការ ផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរក ការបង្រួបបង្រួមកូរ៉េទាំង២ ដោយសន្ដិភាព។

ក្នុងពិធីបើកកិច្ចប្រជុំកំពូល សន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា ពិភពលោកកំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមក កាន់តែខ្លាំង ដូច្នេះហើយត្រូវការធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួល ការឆ្លើយតបជាសកល ចំពោះបញ្ហាសកលដែលកំពុងកើតឡើង។

សម្ដេចតេជោបន្ដថា សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញដែលត្រូវការ ដំណោះស្រាយ។

សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំផ្ទាល់ សូមស្នើឲ្យកូរ៉េទាំង២ និងភាគីពាក់ព័ន្ធនានាសម្រេច សន្ធិសញ្ញាសន្តិភាពឲ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាព អចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ខ្ញុំក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូយកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរក ការបង្រួបបង្រួមកូរ៉េទាំង២ ដោយសន្តិភាព»។

សម្ដេចតេជោបន្ថែមថា ឆ្នាំនេះ ជាខួបលើកទី៧២ឆ្នាំ នៃសង្គ្រាមកូរ៉េដែលបានចាប់ផ្ដើម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០។ សង្គ្រាមបានបញ្ចប់ដោយ កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញា សន្តិភាពអចិន្ត្រៃយ៍នោះទេ ។ ទោះបីជាកិច្ចខិតខំប្រឹងប្រែង សន្តិភាពត្រូវបានធ្វើឡើងក្នុងរយៈពេល ជាច្រើនទសវត្សរ៍ក៏ដោយ ប៉ុន្តែជាអកុសលសន្ធិសញ្ញាសន្តិភាព មិនទាន់អាចសម្រេចបាននៅឡើយ ។ ហេតុដូច្នេះហើយ នេះជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចនូវសន្ធិសញ្ញាសន្តិភាព នៅឧបទ្វីបកូរ៉េ ។ សម្ដេចថា «យើងត្រូវការចាំបាច់នូវសេចក្តីថ្លែងការណ៍ បញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ»។

លើសពីនេះ សម្ដេចតេជោ បានលើកឡើងថា ដើម្បីបន្តលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ សហព័ន្ធសន្តិភាពសកល ដោយសហការជាមួយ ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា កំពុងបង្កើតគម្រោង «ឧទ្យានសន្តិភាពមេគង្គ» ក្នុងគោលបំណងបន្តលើកកម្ពស់តម្លៃ និងវប្បធម៌សន្តិភាព កសាងមូលដ្ឋានគ្រឹះ និងប្រព័ន្ធនៃសន្តិភាព និងចងក្រងឯកសារ និងចែករំលែកចំណេះដឹងអំពីសន្តិភាព ។ ខ្ញុំសង្ឃឹមថា «គម្រោងនេះនឹងនាំមកនូវ លទ្ធផលប្រកបដោយផ្លែផ្កា និងអត្ថន័យ» ៕

To Top