ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ដាក់ចេញអនុសាសន៍ ៦ចំណុច ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃលើកទី២៩

ស្វាយរៀង៖ ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរៈ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅខេត្តស្វាយរៀង បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន ៦ចំណុច ប្រគេនមន្ត្រីសង្ឃនៅទូទាំងខេត្តស្វាយរៀង ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ។

ការដាក់ចេញអនុសាសន៍ របស់លោកស្រី ម៉ែន សំអន បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃលើកទី២៩ ប្រគេនមន្ត្រីសង្ឃនៅខេត្តស្វាយរៀង ដោយមានការចូលរួមពី ព្រះមេគណ ព្រះអនុគណ ព្រះមន្រ្តីសង្ឃ និងព្រះថេរា-នុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

អនុសាសន៍សំខាន់ៗទាំង ៦ចំណុចរបស់លោកស្រី ម៉ែន សំអន រួមមានដូចតទៅ៖

ទី១៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ដូចជា ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សង្ឃប្រកាស សារាចរ សេចក្តីសម្រេច និងស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រែក្លាយឲ្យទៅជាកម្លាំងចលករ ដ៏មានសារៈសំខាន់សម្រាប់ លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរឹងមាំល្អផូរផង់។

ទី២៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឲ្យកាន់តែល្អប្រសើរឡើង តាមព្រះវិន័យ តាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគម្រូល្អដល់ពុទ្ធបរិស័ទ និងរួមចំណែកជួយអប់រំ សីលធម៌ដល់សង្គម។

ផ្ទាំងពាណិជ្ជកម្ម

ទី៣៖ ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់កិច្ចសហប្រតិបត្តិការ ល្អឡើងថែមទៀតជាមួយមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីសហការបំពេញការងារ ឲ្យកាន់តែទទួលលទ្ធផលល្អ ប្រកបដោយការយោគយល់គ្នា និងអធ្យាស្រ័យគ្នាទៅវិញទៅមក ។

ទី៤៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាព សាលាពុទ្ធិកគ្រប់កម្រិត ឲ្យក្លាយជាថ្នាលបណ្តុះបណ្តាលព្រះធម៌ ភាសាបាលី សំស្ក្រឹត ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈមួយ ដ៏ល្អប្រពៃក្នុងសង្គមជាតិ។

ទី៥៖ មន្ទីរធម្មការ និងសាសនាខេត្ត និងសាលាគណខេត្ត ត្រូវយកចិត្តទុកដាក់ ពង្រឹងការងាររដ្ឋបាលវត្ត និងផ្សព្វផ្សាយព្រះធម៌ តាមមធ្យោបាយនានា ដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទ ឲ្យប្រព្រឹត្តអំពើល្អ ប្រកាន់សច្ចធម៌សង្គម និងជៀសវាងអំពើបាបគ្រប់ប្រភេទ។

ទី៦៖ ព្រះសង្ឃ និងពុទ្ធបរិស័ទជាពុទ្ធសាសនិកទាំងអស់ ត្រូវតែប្រុងប្រយ័ត្ននិងការពារឲ្យបាន នូវការចម្លងនៃមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេស ប្រភេទអូមីក្រុង ដែលបច្ចុប្បន្ននេះ នៅលើពិភពលោកអត្រាឆ្លង នៅមានកម្រិតខ្ពស់ ក្នុងនោះកម្ពុជាក៏បាននឹងកំពុងមាន ការចម្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

ជាទីបញ្ជប់ លោកស្រី ក៏បានប្រគេនដល់ព្រះសង្ឃ ដែលបាននិមន្តចូលរួមក្នុងកម្មវិធីមានចំនួន ១៦២អង្គ ក្នុងមួយអង្គៗទទួលបានបច្ច័យ ៥ម៉ឺនរៀល ប្រគេនព្រះមេគណខេត្ត ២លានរៀល ប្រគេនថវិកាសម្រាប់ ចង្ហាន់ថ្ងៃត្រង់ចំនួន ៣លានរៀល ៕

To Top