ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត រំលេច សមិទ្ធផលបក្ស 

ភ្នំពេញ: លោក ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងរំលេចសមិទ្ធផលគណបក្ស ក្នុងពិធីប្រកាស សមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

លោក បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មានវ័យ ជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា នារយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស  និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ-១៩ យ៉ាងជាក់ស្តែងពិតប្រាកដ ប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចស្រពវ៉ាក់ការពារ ជូនប្រជាជនយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោក ម៉ាណែត បន្ថែម ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី តម្កល់ការសង្រ្គោះជីវិតប្រជាពលរដ្ឋ ជាកត្តាអាទិភាពចាំបាច់ខ្ពស់បំផុត ដែលនេះគឺជាសច្ចធម៌ពុំអាចប្រកែកបាន និងជាគុណូបការៈដ៏ធំធេងប្រកបដោយភាពជាអ្នកដឹកនាំគំរូ មានបទពិសោធន៍ជាក់ស្តែង ក្នុងការដឹកនាំនាវាកម្ពុជា បន្តទៅកាន់វឌ្ឍនភាព សុខសន្តិភាព ភាពសម្បូណ៌សប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។  នៅពេលប្រជាជនជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រកប្រជាជន ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោលប្រជាពលរដ្ឋឡើយ។ 

លោក ហ៊ុន ម៉ាណែត ស្នើសូមបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុន បានបន្សល់ទុកឱ្យ ព្រមទាំងកសាងនិងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុក ឱ្យយុវជនបន្តវេន ជំនាន់ក្រោយៗទៀត។ ទន្ទឹមនឹងនេះ សូមបន្តធ្វើការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ លើគ្រប់វិស័យ៕

To Top