ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-ន័រវេស ជួបជជែក​គ្នាពីបញ្ហា នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោក​ ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ​ បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី អានីគិន ហ៊ូហ្វេលដ៍ រដ្ឋមន្ត្រីការបរទេសន័រវេស ដេីម្បីផ្លាស់ប្តូរយោបល់ លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ប្រាក់ សុខុន នៅថ្ងៃនេះបានបញ្ជាក់ថា ប្រទេសន័រវេសគឺជាតួអង្គសំខាន់មួយក្នុងដំណើរការតុលាការខ្មែរក្រហម និងសកម្មភាពកំចាត់មីននៅកម្ពុជា។ កម្ពុជាទន្ទឹងរង់ចាំន័រវេសធ្វើជាភ្ញៀវរបស់ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៥៥ ព្រមទាំងកិច្ចប្រជុំត្រីភាគីជាមួយលេខាធិការដ្ឋានអាស៊ាននៅក្នុងឆ្នាំនេះ។ យើងក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ថែមថា យើងទាំងពីរបានឯកភាពគ្នាថានឹងបន្តរិះរកមធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទាញយកផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនរបស់យើង៕

To Top