ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ថ្លែងសារដាស់តឿនថា មុនឡើងកាន់តំណែងចៅហ្វាយខេត្ត ត្រូវឆ្លងកាត់ដំណាក់កាល មិនត្រូវឡើងដូចឧទ្ធម្ភាគចក្រ មិនល្អមើលទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារដាស់តឿន ទៅកាន់មន្ត្រីទាំងអស់ថា មុនឡើងមកធ្វើជាអភិបាលខេត្តណាមួយ ត្រូវឆ្លងកាត់តាមដំណាក់កាលជាមុនសិន មិនត្រូវហក់ឡើងពីអភិបាលស្រុក មកធ្វើអភិបាលខេត្តតែម្ដង គឺមិនល្អមើលនោះទេ ខណៈមន្រ្តីខ្លះតួនាទីត្រឹមអភិបាលស្រុកសោះ តែចង់ហក់ឡើងមកធ្វើជាចៅហ្វាយខេត្តតែម្តង ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ ឡើងបន្តពីលោក ស ចំរ៉ុងដែលជាអតីតអភិបាលខេត្តនេះ ដោយសម្តេចថ្លែងថា សម្តេចទើបដឹងថា វ៉ា ថន ត្រូវជាក្មួយប្រសារសម្តេច ក្រោយពីឡើងកាន់តំណែងប៉ុន្មានខែក្រោយមក ព្រោះម្ដាយក្មេក វ៉ា ថន ជាបងប្អូនជីដូនមួយរបស់សម្ដេច ។

សម្តេចបានថ្លែងថា ការឡើងតំណែងនេះមិនមែនបក្ខពួកនិយមទេ ព្រោះលោកវ៉ា ថន ធ្វើអភិបាលខេត្តបានប្រហែល៤ខែ ទើបដឹងថាជាក្មួយប្រសារ ។ សម្ដេចថា ពីដើមលោក វ៉ា ថន ជាអតីតអភិបាលស្រុកព្រែកប្រសព្វ ឡើងមកធ្វើអភិបាលរងខេត្ត ដល់ពេលលោក ស ចំរ៉ុង ចូលនិវត្តន៍ គឺលោក វ៉ា ថន ឡើងកាន់តំណែងអភិបាលខេត្តបន្ត ។

សម្ដេចបន្តថា ពេលនោះមើលទៅប្រវត្តិរូប ក៏សួរទៅលោក ស ចំរ៉ុង ថា អ្នកដែលឡើងមកធ្វើអភិបាលរងខេត្ត មុនគេជាអ្នកណា ពេលនោះលោក ស ចំរ៉ុង ឆ្លើយថា គឺលោក វ៉ា ថន មកពីអភិបាលស្រុកព្រែកប្រសព្វ ។ សម្ដេចថា កាលនោះមានអភិបាលស្រុកស្នួល តាមរយៈលោក ពេជ្រ ប៊ុនធិន ចង់ហក់មកធ្វើអភិបាលខេត្តតែម្ដង ។

សម្ដេចតេជោលើកឡើងថា ការឡើងពីអភិបាលស្រុក មកអភិបាលខេត្តតែម្ដង គឺមានការឆ្គាំឆ្គង ដូច្នេះត្រូវឡើងតាមដំណាក់កាលនីមួយៗ មុននឹងឈានដល់តំណែងអភិបាលខេត្ត ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឡើងវិញ វ៉ា ថន ធ្វើចៅហ្វាយខេត្តក្រចេះ បានប្រហែល ៤ខែ ទើបដឹងថា វ៉ា ថន ជាកូនប្រសារជីដូនមួយខ្ញុំ ហើយបើថា វ៉ា ថន ធ្វើខុសកុំមកជេររាលដាលដល់ ហ៊ុន សែន មិនបានទេ អាហ្នឹងមន្ត្រីដូចគ្នាទេ» ។

សម្ដេចតេជោថ្លែងថា ទាក់ទងនឹងការជ្រើសរើសរបស់មូលដ្ឋាន និងការជ្រើសរើសតាមរយៈក្រសួងមហាផ្ទៃ ត្រូវតែមានការបញ្ជាក់ពីនាយករដ្ឋមន្ត្រីដែរ ។ សម្ដេចថា ពេលនោះសម្ដេចសួរដែរថា បេក្ខជនប៉ុន្មាននាក់ តែក៏បានសួរមកលោក ស ចំរ៉ុង ថា អ្នកណាដែលមកកាន់អភិបាលរងខេត្តមុនគេ គឺយកធ្វើអភិបាលខេត្តតែម្ដង ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ឯលោក ពេជ្រ ប៊ុនធិន គ្រោងយកពីស្រុកស្នួល ត្រឡប់មកវិញ ពីអភិបាលស្រុកឡើង អភិបាលខេត្តត្រង់តែម្ដង អានេះឡើងដូចឧទម្ភាគចក្រ បើថាចឹងគឺរុញយកមកធ្វើអភិបាលរងខេត្ត ត្រៀមចាំកន្លែងមិនអាចធ្វើចឹងបានទេ ។ អាហ្នឹងគ្រាន់តែជាការដាស់តឿនគ្រប់ទីកន្លែងទាំងអស់ ត្រូវឆ្លងកាត់មួយដំណាក់កាលសិន ។ កុំលេងឡើងដូចឧទ្ធម្ភាគចក្រ វាមិនល្អមើលទេ បានជាជ្រុលនិយាយ និយាយបន្តិចទៅចុះ» ៕

To Top