ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តសៀមរាប ក្រុងសៀមរាប

ភ្នំពេញ: លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព ក្រុមការងារ យុវជនគណបក្ស ខេត្តសៀមរាប ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក ហ៊ុន ម៉ាណែត លើកបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តដែលបញ្ជាក់ ពីអត្តសញ្ញាណជាតិ ព្រោះជាទីតាំងដែលសម្បូរទៅដោយបេ តិកភ័ណ្ឌជាតិ ដែលបុព្វបុរសយើង បានបន្សល់ទុកឱ្យយើងបន្តថែរក្សាទុក ឱ្យកូនចៅជំនាន់ក្រោយតទៅទៀត។ ក្នុងន័យនេះ ការអភិវឌ្ឍ និងការអភិរក្ស ត្រូវដើរទន្ទឹមគ្នា ដោយឈរលើគោលការណ៍សម្លឹងមើល គុណប្រយោជន៍ សម្រាប់ព្រៃទាំងមូល មិនមែនសម្រាប់តែដើមឈើមួយដើមនោះទេ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋ នៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមាន ជាអាទិ៍ការយកអាយុជីវិត ធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាម ដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពពាសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះ ដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។

លោក ម៉ាណែត លើកឡើងថា ក្នុងសង្រ្គាមកូវីដ-១៩ សម្តេចតេជោ បានរក្សានូវលំនឹងពីហានិភ័យនៃវិនាសកម្មបង្កដោយជំងឺនេះ តាមរយៈ ការសម្រេចរៀបចំមូលដ្ឋាននៃការព្យាបាលរឹងមាំ រួមមានជាអាទិ៍ ការបើកដំណើរការមណ្ឌល ព្យាបាលទាំងថ្នាក់មូលដ្ឋាន និងថ្នាក់តំបន់ នៅទូទាំងប្រទេស ការសម្រេចចិត្តរហ័សទាន់ពេលវេលា ក្នុងការជ្រើសរើសយកថ្នាំព្យាបាល និងវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ព្រមទាំងការសម្រេចអនុញ្ញាត ឱ្យព្យាបាលតាមផ្ទះ ដោយមានការចូលរួមពិចារណា ពិគ្រោះយោបល់ និងសិក្សាស្រាវជ្រាវច្បាស់លាស់ ត្រឹមត្រូវរបស់ក្រុមបច្ចេកទេស ជំនាញនៃក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធនានា។ ចំណាត់ការដ៏ស័ក្តិសិទ្ធិ និងប្រកបដោយភាពហ្មត់ចត់នេះ បានធ្វើឲ្យគ្រប់គ្រងបានអត្រាអ្នកឆ្លងទាប ហើយក៏មិនមានករណីស្លាប់ថ្មីទៀតទេគិតត្រឹមថ្ងៃនេះ។ ការណ៍នេះ បានជួយឱ្យកម្ពុជាឈានទៅបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ ដែលជាការធានាបាននូវតុល្យភាពនៃសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងដំណើរការជាប្រក្រតីនៃចរន្តសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។ យ៉ាងណាក៏ដោយ សម្តេច ក៏បានអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការ “៣ការពារ និង៣កុំ” ក៏ដូចជាវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួន ជាពិសេសការចូលរួមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នាសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីៗ។

លោក បន្តថា យុវជនគណបក្សប្រជាជនកម្ពុជាជំនាន់មុនបានបន្សល់នូវគំរូវីរភាព និងសមិទ្ធផលច្រើនអនេក បន្តទុកឱ្យយុវជនជំនាន់នេះ ដូច្នេះគប្បីខិតខំចូលរួមចំណែកបន្តថែរក្សា និងបង្កើតសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំនៃស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ ការបន្តលើកកម្ពស់សមត្ថភាព ការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការយល់ដឹងច្បាស់ ពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកបក្ស ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នា បន្តដឹកនាំនាវាកម្ពុជា ទៅកាន់វឌ្ឍនភាព ភាពសម្បូរសប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល៕

To Top