ព័ត៌មានជាតិ

ជនជាតិចិន ចាប់បង្ខាំងជនជាតិចិនដូចគ្នា ជំរិតទារប្រាក់ជាង ៤ម៉ឺនដុល្លារ ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាជាតិចិន ពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ចំនួន ៤៤,០០០ដុល្លារ ត្រូវបានកម្លាំងចំរុះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

ប្រតិបត្តិការ ចុះឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារខាឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវសុធារស កែងផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនជាតិចិនបង្ខាំងជនជាតិដូចគ្នានេះ កើតឡើងតាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ ZHANG YANGFENG ភេទប្រុស ជនជាតិចិន ស្នាក់នៅបន្ទប់៤១៤ សណ្ឋាគារ XI THANG ផ្លូវបារាំង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មុខរបរ ជំនួយការថៅកែ។
ជនសង្ស័យឈ្មោះ GAN HUA FENG ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិ ចិន មុខរបរបុគ្គលិកសណ្ឋារគារ ស្នាក់នៅសណ្ឋាគារ ខាឡឺ(Ka Le Hotel) ហៅ Color Creative Hotel។

វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅម៉ដ្ឋ ពណ៌ស ចំនួន១កញ្ចប់តូច, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន (ក្តារឈើ) ចំនួន២, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដុំកាមេរ៉ាសុវត្ថិភាពម៉ាក @JHUA ពណ៌ខ្មៅ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ប្រផេះ ជារបស់ជនសង្ស័យ , ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន៤ គ្រឿង ម៉ាកអាយហ្វូន ពណ៌ប្រផេះ បែកកញ្ចក់ខាងមុខ និងបែកតួខាងក្រោយចំនួន១គ្រឿង ,ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ប្រផេះ បែកកញ្ចក់ខាងលមុខចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ខ្មៅចំនួន១គ្រឿង ។

សម្ភារៈបាត់បងមានដូចជា ទូរស័ព្ទដៃរបស់ជនរងគ្រោះ​ ចំនួន៤គ្រឿង ម៉ាក អាយហ្វូន ចំនួន២គ្រឿង, ទូរស័ព្ទដៃម៉ាកវីវ៉ូ ចំនួន១គ្រឿង, ទូរស័ព្ទដៃម៉ាកសាំសុង ចំនួន១គ្រឿង, ប្រាក់ចំនួន ៤៤,០០០ដុល្លារ ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី។ ចំណែកបក្ខពួកផ្សេងទៀត កំម្លាំងជំនាញកំពុងស្រាវជ្រាវឃាត់ខ្លួន៕

To Top