ព័ត៌មានជាតិ

កម្ពុជា បញ្ជូនទ័ពមួកខៀវជាង ២០០នាក់ទៀត ទៅបំពេញបេសកកម្ម មនុស្សធម៌ នៅអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេន ចំនួន ២១៩នាក់ ក្នុងនោះស្ត្រីចំនួន ២៨នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា ទាំង ២១៩នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំ កងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP កាលពីថ្ងៃទី១៤ កុម្ភៈ ។

យោងតាមហ្វេសប៊ុក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញ បេសកកម្មនោះរួមមាន៖ កងវិស្វកម្មលេខ៤៣២ ចេញបំពេញបេសកកម្ម អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងពិធីនោះនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា បេសកកម្មនៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាលជាឆ្នាំទី៨ ហើយកងវិស្វកម្មពហុជំនាញ លេខ៤៣២ ក៏ជាកងទី៨ ដែលបន្តទទួលបានទំនុកចិត្ត និងភារកិច្ចពី អ.ស.ប ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងដោយ ជម្លោះដូចបណ្តាកងមុនៗដែរ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា «នៅថ្ងៃនេះ គឺជាមោទកភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិយើង ដែលវីរយុទ្ធជន យុទ្ធនារីយើងបានខិតខំហ្វឹកហាត់ អស់រយៈពេលជាយូរ ទទួលបាននូវក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងពិត ប្រាកដពីអង្គការសហប្រជាជាតិ និងប្រមុខរាជរដ្ឋាភិបាល ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់នៅលើសមរភូមិ។ កងនេះក៏ត្រូវបានបន្ថែមកម្លាំងចំនួន ១៥នាក់ ផ្នែកកម្ទេចគ្រឿងផ្ទុះ លើកម្លាំងមុនៗចំនួន ២០៤នាក់ ដែលកម្លាំងសរុបកើនឡើង ចំនួន២១៩នាក់»។

ខណៈស្ថានការណ៍ជំងឺកូវីដ១៩ បន្តរាតត្បាតនៅទូទាំងពិភពលោក ពិសេសក្នុងតំបន់បេសកកម្ម ដែលកម្ពុជាឈរជើងត្រូវតែអនុវត្ត យ៉ាងម៉ឺងម៉ាត់ឲ្យខាងតែបាន​ តាមការណែនាំ របស់អង្គការសហប្រជាជាតិ និងការណែនាំរបស់ក្រសួងសុខាភិបាល នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការ ឆ្លងមេរោគដ៏កាចសាហាវនេះ។ កម្ពុជា ក៏មានវិប្បដិសារីក្នុងការ បាត់បង់យុទ្ធជនយើង១រូប ដោយសារមេរោគឥតស្រមោលនេះ នៅប្រទេសម៉ាលី ម្តងរួចមកហើយ ដូច្នេះកុំឱ្យដានប្រវត្តិសាស្រ្តនេះ កើតឡើងជាថ្មី ម្តងទៀត ។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់ សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាព ពេញលេញទូទាំងផ្ទៃប្រទេស នាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាព នៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត ៕

To Top