ព័ត៌មានជាតិ

សម្ដេចតេជោ អះអាងជាថ្មីថា ទឹកជំនន់ឬជំនន់ទឹកភ្លៀង គឺមិនមែនបណ្ដាលមកពីការលុបបឹង និងកាប់ព្រៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងជាថ្មីទៀតថា ការបង្កឲ្យមានទឹកជំនន់ ឬជំនន់ទឹកភ្លៀង នាពេលកន្លងមក គឺមិនមែនបណ្ដាលមកអំពីការលុបបឹង និងកាប់ព្រៃនោះទេ គឺវាជាកត្តានៃសមត្ថភាពនៃការរំដោះទឹក និងបញ្ហាកកកស្ទះសំរាម នៅក្នុងលូជាដើម។

ការចេញមុខបកស្រាយ របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីមានការរិះគន់ មិនសំចៃមាត់ ពីសំណាក់ប្រជាពលរដ្ឋ អ្នកវិភាគ ជាពិសេសអ្នកកេញចំណេញនយោបាយមួយចំនួន លើបញ្ហាទឹកជំនន់ នាពេលកន្លងមក និងទៅថ្ងៃអនាគត។

ថ្លែងចេញពីក្នុងកម្មពិធី បើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅទីក្រុងភ្នំពេញមានតែ ព្រះបរមរាជវាំងទេ ដែលមានកម្ពស់ខ្ពស់ជាងសមុទ្រ ឯក្រៅពីនោះគឺមាន នីវូទាបជាងសមុទ្រ អីចឹងទេទោះបីមានលូធំប៉ុណ្ណាក៏ដោយ ត្រូវមានជំនន់។

សម្ដេចថា បើភ្លៀងកាន់តែខ្លាំង សមត្ថភាពរំដោះកាន់តែតូច។

សម្ដេចតេជោបញ្ជាក់ថា «ឲ្យតែមានជំនន់ម្ដងៗ ថាឯងកាប់ព្រៃអស់ ទើបមានទឹកជំនន់ ។ ឯមួយទៀតថាមកពីឯងលុបបឹង ចុះកាលពីមុនមានអ្នកណាលុបបឹង ម៉េចក៏មានជំនន់ ថាមកពីខាងលើនោះវាខ្លាំងពេក សូម្បីតែជប៉ុននិងអឺរ៉ុប ដែលមានលូធំៗ ក៏មានការជន់លិច ដោយសារជំនន់ទឹកភ្លៀង»។

សម្ដេចថា មូលហេតុស្រួលយល់ត្រង់ថា សមត្ថភាពនៃការធ្លាក់មកពីខាងលើ ធ្លាក់ចុះមកវាលើសកម្រិតនៃការរំដោះ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញទាំងអស់ កុំយកសំរាមទៅចោលក្នុងលូ ដែលវានាំទៅដល់ការកកស្ទះ នៃចរន្ដរំដោះទឹកភ្លើង។

សម្ដេចតេជោ បានលើកឡើងថា «ប៉ុន្តែបើសិនជាលូយើងត្រូវស្ទះដោយសារការចាក់សំរាមបន្ថែមទៀត នឹងវាកាន់តែទៅហើយ។ ចឹងហើយសូមអង្វរករដល់ប្រជាពលរដ្ឋរបស់យើង កុំយកសំរាមទៅចោលក្នុងលូ ដែលវានាំទៅដល់ការកកស្ទះ ទោះបីថា អាខាងលើមក១ពាន់ អាក្រោមអាចរំដោះបាន១ពាន់ (អាចនិយាយបានថា អាក្បាលចូលនិងអាក្បាលចេញវាស្មើគ្នា) ប៉ុន្តែដែលយើងយកសម្រាមទៅចាក់ អាក្បាលចេញវាត្រូវស្ទះ»៕

To Top