ព័ត៌មានជាតិ

នៅថ្ងៃអង្គារ វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ ច្រើនបំផុតមិនធ្លាប់មានរហូតដល់ ៥៥ ៨៧១ករណី

បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង Covid-19 ក្នុងស្រុកថ្មីរហូតដល់ ៥៥ ៨៧១ ករណី កាលពីថ្ងៃអង្គារ ដែលចំនួននេះ បានកើនឡើង ៩ ០១០ករណី ធៀបនឹងថ្ងៃច័ន្ទ និងជាតួលេខប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កន្លែងចំនួនបីដែលមានចំនួន អ្នកឆ្លងថ្មីខ្ពស់បំផុតគឺ ទីក្រុងហាណូយដែលមានចំនួន ៦ ៨៦០ ករណី បន្ទាប់មកខេត្តជិតខាងគឺ Bac Ninh មាន ២ ៨៤២ករណី និងខេត្ត Bac Giang មាន ២ ៥០០ករណី។

ក្រសួងសុខាភិបាលក៏បានប្រកាសថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៧៧ នាក់ផ្សេងទៀត ក្នុងនោះមាន ១៧ នាក់នៅទីក្រុងហាណូយ។ ចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩ រហូតមកដល់ពេលនេះបានកើនឡើងដល់ ៣៩ ៨៦២នាក់ ដែលស្មើនឹងប្រហែល ១,៤ ភាគរយនៃការឆ្លងទាំងអស់។

ប្រជាជនប្រហែល ៧៥,៤ លាននាក់នៃចំនួនប្រជាជន ៩៦លាននាក់ របស់ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងចំនួន ២ដង រួមទាំងមនុស្សពេញវ័យ ៦៧,៣ លាននាក់ និងកុមារ ៨,១ លាននាក់ដែលមានអាយុពី ១២ឆ្នាំ ទៅ១៧ ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top