ព័ត៌មានជាតិ

ក្រុមអ្នកវិភាគ​ ៖ អតិថិជន ក្នុងស្រុក បាននឹងកំពុងជំរុញ ឱ្យមានសន្ទុះទីផ្សារ អចលនទ្រព្យនៅកម្ពុជា

ភ្នំពេញ ៖ យោងតាមក្រុមអ្នកវិភាគ បានប្រាប់ទស្សនាវដ្ដី អចលនទ្រព្យ PropertyGuru (PropertyGuru Property Report) ថា សន្ទុះ នៃតម្រូវការក្នុងស្រុក កំពុងតែមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយជំរុញ ដល់សកម្មភាពអចលនវត្ថុ នៅប្រទេសកម្ពុជា ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងខិតទៅជិតការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំង មានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅទូទាំងផ្ទៃប្រទេស ។

នេះគឺជាដំណឹងដ៏ល្អមួយ នៅពេលដែលកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ត្រូវបានរំពឹងយ៉ាងខ្លាំងថា នឹងវិលត្រឡប់មកជាថ្មីម្តងទៀត នៅក្នុងពិធីពិសារភោជនាហារ ពេលល្ងាចសម្រាប់ជ័យលាភីពានរង្វាន់ឆ្នើមបំផុត ដែលគ្រោងនឹងប្រារព្ធធ្វើឡើង ដោយមានការចូលរួមដោយផ្ទាល់ ប្រកបដោយសុវត្ថិភាពនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រានាថ្ងៃសុក្រទី ២៦ ខែសីហាខាងមុខនេះ ។

ក្រុមអ្នកវិភាគបានប្រាប់ទស្សនាវដ្ដីអចលនទ្រព្យ PropertyGuru (PropertyGuru Property Report) ដែលជាទស្សនាវដ្ដីផ្លូវការ សម្រាប់ពានរង្វាន់នេះថា អតិថិជនក្នុងស្រុកដែលស្វែង រកការលក់រហ័ស ដើម្បីទទួលបានផល ចំណេញច្រើន បានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យអចលនទ្រព្យ នាឆ្នាំកន្លងទៅ បន្ទាប់ពីមានការកើតឡើងនូវជំងឺរាតត្បាតសកល ។ ជាលទ្ធផល ទីផ្សារកម្ពុជាបានរក្សាកំណើនកាន់តែមានភាព ប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដោយអ្នកអភិវឌ្ឍបានទម្លាក់តម្លៃ ក្នុងកម្រិតមួយយ៉ាងសមរម្យ និងផ្តល់ជូននូវជម្រើសបន្ថែម តាមតម្រូវការរបស់អតិថិជន ដូចជាទៅលើការរចនាម៉ូត និងការបំពាក់គ្រឿងបរិក្ខារ ស្របទៅតាមការពេញនិយមបែបខ្មែរជាដើម ។

អ្នកស្រី គីម គិនកេសា ប្រធានជាន់ខ្ពស់ ផ្នែកស្រាវជ្រាវ និងទីប្រឹក្សា CBRE Cambodia និងជាសមាជិកដ៏មានកិត្យានុភាព នៃគណៈកម្មការឯករាជ្យ នៃពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru បានប្រាប់ទស្សនាវដ្តីថា៖ «អតិថិជនក្នុងស្រុកកំពុងក្លាយជាចំណែកដ៏ធំមួយរបស់អ្នកទិញនាពេលនេះ។ អ្វីដែលយើងកំពុងមើលឃើញ គឺថា កាលពីមុន អគារខុនដូមួយចំនួន គឺសម្រាប់តែអតិថិជនជាជនជាតិចិនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះកំពុងតែមានការផ្លាស់ប្តូរ ការរចនាម៉ូត ឬលក្ខខណ្ឌនៃការប្រគល់ផ្ទះ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ ចំពោះអ្នកទិញក្នុងស្រុកថែមទៀត» ។

ពានរង្វាន់បើកទទួលយកការប្រកួត រួមមានពានរង្វាន់ សម្រាប់អ្នកអភិវឌ្ឍ ការអភិវឌ្ឍ និងការឌីហ្សាញល្អបំផុត រួមជាមួយនឹងការទទួលស្គាល់ពិសេស។ នៅឆ្នាំនេះ អ្នកអភិវឌ្ឍអាចចូលរួមការប្រកួតប្រជែង ក្នុងប្រភេទអភិវឌ្ឍន៍លំនៅឋានឆ្នេរសមុទ្រថ្មីៗល្អបំផុត ដោយសម្រាំងយកតែខុនដូ អាផាតមិន គេហដ្ឋាន និងវីឡាប្រណីតបំផុតនៅក្នុងតំបន់សក្តានុពល នៃក្រុងព្រះសីហនុ និងកំពតប៉ុណ្ណោះ។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងប្រព្រឹត្តទៅដោយអនុលោមតាមវិធានការសុវត្ថិភាព រួមមានការត្រួតពិនិត្យបណ្ណ ចាក់វ៉ាក់សាំង ការស្កែន QR ការពិនិត្យកម្តៅ ការអនុវត្តអនាម័យដៃ ការរក្សាគម្លាតសុវត្ថិភាព និងការបាញ់សម្លាប់មេរោគជាប្រចាំ ។ ព្រឹត្តិការណ៍នេះនឹងត្រូវផ្សាយបន្តផ្ទាល់ ក្នុងពេលដំណាលគ្នានៅលើ AsiaPropertyAwards.com/tv-podcast និងបណ្តាញផ្លូវការនៅលើបណ្តាញ Facebook, LinkedIn និង YouTube ។
ការដើរតាមគន្លងជោគជ័យចាស់

ម្ចាស់ជ័យលាភី ពានរង្វាន់ អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស «ជ័យលាភីឆ្នើមបំផុត ប្រចាំអាស៊ី» ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រ ផ្លូវការ PropertyGuru លើកទី ១៧ ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី៩ ខែធ្នូ ។ បេក្ខជនជាប់វគ្គប្រកួត ផ្តាច់ព្រ័ត្រ នឹងដើរតាមគន្លង ជោគជ័យរបស់ ក្រុមហ៊ុន Urbanland ដែលបានឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍល្អបំផុត កាលពីឆ្នាំមុននៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យ កម្ពុជា PropertyGuru លើកទី ៦ និងបានតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធីពានរង្វាន់អចលន ទ្រព្យកម្ពុជា PropertyGuru លើកទី ១៦ ទៅលើពានង្វាន់ចំនួនបួនប្រភេទ។

លោក កឹម ស៊ីធិន ដែលជានាយកផ្នែកលក់នៅ Urbanland បានមានប្រសាសន៍ថា៖ «យើងមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ចំនួន ៧ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានដំបូងគេរបស់យើង គឺគម្រោងព្រែកចន្ទគិរី (Chankiri Palm Creek) រួមទាំងពានរង្វាន់ «អ្នកអភិវឌ្ឍល្អបំផុត» ពីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ផងដែរ ។ ចក្ខុវិស័យរបស់យើងគឺដើម្បីផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជននៅកម្ពុជា កន្លែងមួយ សហគមន៍មួយ ហើយយើងប្តេជ្ញា និងបន្តលើកកម្ពស់ស្តង់ដារ ទាំងលើគុណភាព ភាពរឹងមាំ និងទឹកដៃដ៏ពិសេសនៅក្នុងការអភិវឌ្ឍ របស់យើងឲ្យកាន់តែប្រសើរថែមទៀត»។

ថ្លែងក្នុងនាមគណៈកម្មការឯករាជ្យ លោក សន សៀប (Sorn Seap) ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)និងជាប្រធាន កម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីពិភាក្សា តុមូលសារព័ត៌មាន ដែលដាក់សម្ពោធ ជាផ្លូវការនូវពាន រង្វាន់វគ្គ edition ប្រចាំឆ្នាំ២០២២ នៅកម្ពុជា នាថ្ងៃទី ២៣ ខែកុម្ភៈ បានចែករំលែកព័ត៌មានថ្មីៗ អំពីទីផ្សារអចលនទ្រព្យក្នុងស្រុក ក៏ដូចជា កាលបរិច្ឆេទ នៃការចូលរួមក្នុងកម្មវិធីពានរង្វាន់នេះ ពីសារធារណជន និងប្រភេទនៃពានរង្វាន់៕

To Top