ព័ត៌មានជាតិ

លោក ឆាយ គឹមខឿន បដិសេធថា ពុំមានករណីចាប់បង្ខាំង ជនជាតិចិន ធ្វើជាទាសករ លក់ឈាមទេ

ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ លោក ឆាយ គឹមខឿនបានធ្វើការបដិសេធថា មិនមានករណីចាប់បង្ខាំង ជនជាតិចិន ធ្វើជាទាសករ លក់ឈាម នៅតំបន់ឆៃណាថោន ក្នុងខេត្តព្រះសីហនុទេ ខណៈមានការផ្សាយបន្តគ្នាថា មានការចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករលក់ឈាម កាលពីពេលថ្មីៗនេះ ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គស្នងការនាថ្ងៃ២៨ កុម្ភៈ គឺព័ត៌មានផ្សាយបន្តគ្នាថា មានករណីចាប់បង្ខាំងជនជាតិចិន ធ្វើជាទាសករ លក់ឈាម នៅតំបន់ឆៃណាថោននោះ បានធ្វើឲ្យប៉ះពាល់ បរិយាកាស និងចិត្តសាស្រ្តសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំ ពីសំណាក់សាធារណៈមតិជាតិ-អន្តរជាតិជាច្រើន ។

លោក ឆាយ គឹមខឿន បានថ្លែង នៅក្នុងសេចក្តីប្រកាសនោះថា “បន្ទាប់ពីទទួលព័ត៌មានជអកុសលដូចខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំ អង្គភាពជំនាញឲ្យ ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យ ទីតាំងពាក់ព័ន្ធជាច្រើន និងប្រមូល ចំលើយ សាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើ ជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LI YA YUAN LUN ភេទប្រុសជនជាតិចិន អាយុ៣១ឆ្នាំ ស្នាក់នៅព្យាបាលនៅមន្ទីរ ពេទ្យប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ៣នាក់ទៀត” ។

សេចក្តីប្រកាសរៀបរាប់ទៀតថា ឈ្មោះ LI YA YUAN LUNដែលអះអាងថា ជាជនរងគ្រោះ ធាតុពិត ជនរូបនេះ បានលួចឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់ ប៉ុន្តែដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទង ទៅមនុស្សមួយក្រុម ដើម្បីជួយរកដំណោះស្រាយ បញ្ហារបស់ខ្លួន ។ អ្នកពាក់ព័ន្ធទាំង៣នាក់នោះ ជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មាន ក្លែងក្លាយអំពីការបង្ខាំង មនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជយយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវ ចំពោះមុខច្បាប់នៅកម្ពុជា ។

ចំពោះអ្នកពាក់ព័ន្ធទាំង៣ និងឈ្មោះ LI YA YUAN LUN ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

To Top