ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ មន្ដ្រីច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត មានតួនាទីបង្កលក្ខណៈងាយ ស្រួលដល់អ្នកធ្វើដំណើរ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ដ្រីច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត កម្ពុជា-ថៃ ត្រូវមានតួនាទី បង្កលក្ខណៈងាយស្រួល ចំពោះអ្នកធ្វើដំណើរ ព្រមទាំងត្រួតពិនិត្យ ដើម្បីរកឲ្យឃើញបទល្មើសចេញ-ចូលផងដែរ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងអំណរគុណដល់ភាគីថៃ ពិសេសរដ្ឋបាល ខេត្តស្រះកែវ ជានិច្ចជាកាលបានផ្ដល់កិច្ចសហការ យ៉ាងល្អ ជាមួយកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ តំបន់ប៉ោតប៉ែត ។

សម្ដេច ក៏បានថ្លែងអំណរគុណ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត បានខិតខំអភិវឌ្ឍក្រុង ឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងប៉ោយប៉ែត។

សម្ដេចគូសបញ្ជាក់ថា «ច្រកទ្វារអន្តរជាតិនេះ ប្រៀបបាននឹងកន្លែងផ្ដល់សេវាសាធារណៈមួយជូនពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវធ្វើដំណើរដឹកទំនិញ ចេញ-ចូល តាមគ្រប់មធ្យោបាយ និងចម្រុះជាតិសាសន៍ ដូច្នេះមន្រ្តីពាក់ព័ន្ធមានតួនាទី បង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង រួមទាំងការត្រួតពិនិត្យ ដើម្បីរកឲ្យឃើញបទល្មើស នៃការចេញចូលនោះដែរ» ។

សូមរំលឹកថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ និងបានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ៕

To Top