ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការដោះស្រាយក្នុងមូលដ្ឋាន បើគ្មានយុត្តិធម៌នោះទេ ទោះបីយកអំណោយ ទៅជូនប្រជាពលរដ្ឋ ប៉ុន្មានក៏ដោយ ក៏ពួកគាត់មិនជឿដែរ ។
ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ សម្ដេចស ខេង បានអំពាវនាវដល់ រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាប្រឈម នូវសំណើរ សំណូមពរ នៅមូលដ្ឋានឲ្យបានល្អ ។
សម្ដេចមានប្រសាសន៍ថា «ជាពិសេស ដើម្បីដណ្ដើមជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ ការផ្ដល់ជំនួយសង្គ្រោះ ជាសម្ភារ ជាថវិកា ការផ្ដល់ជំនួយមនុស្សធម៌ ជាសម្ភារ ជាថវិកា ជាដើម គឺជាការចាំបាច់ ។ ប៉ុន្ដែអ្វីដែលជាការចាំបាច់ជាងនោះ តាមខ្ញុំយល់ គឺការកសាងយុត្តិធម៌ នៅមូលដ្ឋាន នេះគឺជាបញ្ហាគន្លឹះ ការដោះស្រាយនៅមូលដ្ឋាន បើគ្មានយុត្តិធម៌ទេ ទោះបីយើងយកអំណោយទៅជូនប្រជាពលរដ្ឋប៉ុន្មាន ក៏គាត់អត់ជឿយើងដែរ»។
សម្ដេចបន្ថែមថា ផ្ទុយទៅវិញបើដោះស្រាយទំនាស់ ឬបញ្ហានៅមូលដ្ឋាន ប្រកបដោយយុត្តិធម៌ ប្រជាពលរដ្ឋពិត ជាសប្បាយរីករាយ។ សម្ដេច បានស្នើដល់មន្ដ្រីរាជការទាំងអស់ បន្ដបម្រើប្រជាពលរដ្ឋមិនប្រកាន់ និន្នាការនយោបាយ ដើម្បីស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង បានសង្កេតឃើញថា នាពេលបច្ចុប្បន្នពិបាករកអ្នកមកធ្វើស្មៀន ឃុំ-សង្កាត់ ដោយមូលហេតុប្រាក់ខែតិច ឬការងារច្រើន។ សម្ដេចថា នាពេលកន្លងទៅ ក៏ធ្លាប់បានសិក្សាពីគម្រោងបន្ថែមស្មៀន ឬជំនួយការស្មៀន ឃុំ-សង្កាត់ដែរ ៕
