ព័ត៌មានជាតិ

រដ្ឋសភា ទទួលយកសំណើ សុំជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ១រូប ជំនួសលោក អ៊ឹម សួស្តី

ភ្នំពេញ ៖ សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធនិម្មិត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានសម្រេចយល់ព្រម ទទួលយកសំណើ សុំជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ១រូប ជំនួស លោក អ៊ឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបញ្ចប់អាណត្តិ ។

ក្រៅពីនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័ត យល់ព្រមលើសំណើ របស់រាជរដ្ឋាភិបាល នូវសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ឲ្យគណៈកម្មការជំនាញរដ្ឋសភាសិក្សា និងត្រួតពិនិត្យ ។

លោក អ៊ឹម សួស្ដី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ ត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសតាំង ជាសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ក្រោយពីសមាជិករបស់ស្ថាប័នកំពូលនេះ គឺលោក ពិត តាំងសាន បានទទួលមរណភាព ។

ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលលមានចែង ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធសភាបាន ពិនិត្យចប់សព្វគ្រប់ ។ ស្ថាប័ននេះជាអ្នកសម្រេច អំពីករណី វិវាទកម្មទាក់ទង នឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រ និង ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា៕

To Top