ភ្នំពេញ៖ កម្ពុជា មានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ នៅអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ មីនានេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តចូលរួម ជាប្រទេសសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំនោះ កម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពធ្ងន់ធ្ងរ នៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌ កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធា ដែលកំពុងបន្តកើតឡើង នៅអ៊ុយក្រែន។
កម្ពុជាមានជំនឿចំពោះកិច្ចសន្ទនា និងការទូត ដើម្បីទប់ស្កាត់ស្ថានការណ៍ កុំឲ្យចេញផុតពីការគ្រប់គ្រង និងដើម្បីស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញ អង្គការសហប្រជាជាតិ។
ជាមួយនឹងការយោគយល់ដល់ ការបារម្ភនៃសន្តិសុខដែលពាក់ព័ន្ធ កម្ពុជារក្សាជំហរម៉ឺងម៉ាត់របស់ខ្លួនថា រដ្ឋជាសមាជិកទាំងអស់ ត្រូវតែគោរពអធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ របស់រដ្ឋជាសមាជិកផ្សេងទៀត ៕