កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣ ខែ មីនាឆ្នាំ ២០២២នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពផ្លូវ ក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងការចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាផ្លូវ ជាច្រើនខ្សែក្នុងក្រុងកំពង់ចាម របស់អាជ្ញាធរខេត្ត ក្នុងគោលបំណង រៀបចំសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឲ្យបានរួចរាល់មុនពេលរដូវភ្លៀងធ្លាក់ ។
មន្ត្រីដដែលបានបន្តថា ក្នុងដំណើរចុះពិនិត្យទីតាំងផ្លូវ ក្នុងសង្កាត់សំបួរមាស គឺដើម្បីស្ថាបនាផ្លូវបេតុងនៅទីនោះ និងរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងផងដែរ។ដោយឡែក នៅក្នុងសង្កាត់បឹងកុក លោកអភិបាលខេត្ត ចុះពិនិត្យមើលវឌ្ឍនភាព ផ្លូវនៅក្នុងផែនការ ដែលកំពុងធ្វើការស្ថាបនា ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២២ បាននិងកំពុងដំណើរការសាងសង់ ក្នុងនោះ មានផ្លូវបេតុងក្នុងសង្កាត់បឹងកុក ចំនួន៨ខ្សែ ស្មើនឹង១,៤០០ ម៉ែត្រ និងដាក់លូរំដោះទឹកភ្លៀង ប្រវែង១,៥២៩ម៉ែត្រ មុខកាត់ ៨ទឹក និងស្ថាបនាផ្លូវបេតុងនៅខាងភូមិថ្មគោល មានប្រវែង ២៥០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ។ លើសពីនេះ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យក្រុមហ៊ុនវិនិយោគ រៀបចំដាក់អំពូលភ្លើងតាមដងផ្លូវ តាមមាត់ទន្លេ ចាប់ពីសង្កាត់កំពង់ចាម រហូតមកដល់ ស្នាក់ការគណបក្សប្រជាជន សង្កាត់បឹងកុក ដែលបានកំណត់ឲ្យរួចរាល់ មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕