ព័ត៌មានជាតិ

ក្រសួងការងារ និងGMAC៖ ការបញ្ជាទិញ ផលិតផលកាត់ដេរ កើនឡើងខ្ពស់ តែខ្វះខាតកម្លាំងពលកម្ម

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមកាត់ដេរ នៅកម្ពុជា(GMAC) បានបញ្ជាក់ថា ស្ថិតក្នុងបរិបទកំណើន នៃការបញ្ជាទិញផលិតផលកាត់ដេរ ពីកម្ពុជា មានការកើនឡើងខ្ពស់ តែខ្វះខាតនូវកម្លាំងពលកម្ម។

ការកើនឡើងនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារ អះអាងថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ពិតជាធ្វើឲ្យវិស័យនេះ មាននិរន្តរភាព បន្តរីកចម្រើនទៅមុខទៀត ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុងជំនួប ជាមួយលោក ឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដឹកនាំសមាជិករបស់សមាគម ចូលជួបពិភាក្សាការងារមួយចំនួន នាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានា របស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលតម្រូវឲ្យមាននូវ ការដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាព រយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅកម្ពុជា កាន់តែច្រើនថែមទៀត។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ ចំពោះគណៈកម្មការប្រតិបត្តិ សម្រាប់អាណត្តិថ្មី និងលទ្ធផលសន្និបាតប្រចាំឆ្នាំរបស់សមាគម ដែលសម្រេចបានល្អប្រសើរ អាចបង្កើននូវប្រសិទ្ធភាព ការងារបន្តទៀត សម្រាប់សមាគម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការនាំចេញ។ ដោយសារតែមានករណីកើនឡើង នូវជំងឺបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ដូច្នេះទាមទារឲ្យខាង សមាជិករបស់សមាគម ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការ អាជីវកម្មសព្វថ្ងៃនេះ អនុវត្តន៍ឲ្យបានល្អ នូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួង ឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការ ចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូន បងប្អូនកម្មករនិយោជិតរបស់យើង ជាពិសេស លោករដ្ឋមន្ត្រីជំរុញ ឲ្យមានសហគមន៍សុខសាន្ត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន តាមរយៈបង្កើនទំនាក់ទំនងល្អ យោគយល់គ្នារវាងថៅកែ និងកម្មករនិយោជិត ដើម្បីជាផលប្រយោជន៍រួម។

ចំណែកលោកឧកញ៉ា គង់ សាង លើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីដើមរហូតមកនេះ នៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់វិស័យរបស់យើង ដែលជាវិស័យអតិពលកម្ម។ បើវិស័យការងារមានភាព ច្របូកច្របល់ហើយនោះ វិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀត ល្អយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ការសម្របសម្រួលបង្កើតបាន នូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយ ដែលល្អប្រសើរ និងមានភាពចាស់ទុំ នាំមកនូវស្ថេរភាពផលិតកម្ម។

ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយចាក់វ៉ាក់សាំង ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ រួមនឹងការជួយជ្រោមជ្រែង ពីសំណាក់ក្រសួងការងារ បានធានាដល់ស្ថេរភាពផលិតកម្ម និងកំណើននៃការនាំចេញ។

លោកឧកញ៉ា បញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរ មានចំនួន ១១,៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង ១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់ មានចំនួន ៨,០១៧លាន ស្បែកជើង ១,៣៩០លាន និងផលិតផលធ្វើដំណើរ ១,៤៩០លាន ក្រៅពីនេះ គឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។ បច្ចុប្បន្នសមាគម មានសមាជិកជារោងចក្រកាត់ដេរ សម្លៀកបំពាក់ចំនួន ៤៦២ ផលិតស្បែកជើង ចំនួន១៣ និងផលិតផលធ្វើដំណើរ ចំនួន៩២។

លោករដ្ឋមន្ត្រី ក្រសួងការងារគូសបញ្ជាក់ថា សមាគមមួយនេះ បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ បានដើរតួនាទី ជាតំណាងសម្លេងរួមតែមួយ របស់វិនិយោគិន ក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់ របស់វិនិយោគិនទាំងអស់ ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកា សម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើន ដែលមានផលប៉ះពាល់ជាសក្តានុពល ដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយ ដែលអំណោយផលដល់កំណើន នៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ កន្លងមកនេះ សមាគម បានចូលរួមសហការយ៉ាងជិតស្និត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ, ក្រសួងពាណិជ្ជកម្ម, ក្រសួង ស្ថាប័នពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ, សហជីព និងដៃគូរសង្គមនានា ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច សង្គមកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន ។

តាមរយៈកិច្ចពិភាក្សា និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាភាពជាដៃគូ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយGMAC ដែលអាចដោះស្រាយ នូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើន នៃការបញ្ជាទិញគឺកើនឡើងខ្ពស់ បណ្តាឲ្យខ្វះខាត នូវកម្លាំងពលកម្ម។ ជាមួយនេះ ក្រសួងនឹងបន្តជំរុញ ឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) និងទីភ្នាក់ងារជ្រើសរើសឯកជន ផ្តល់ការផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស ដែលកំពុងតែមាន តម្រូវការកម្លាំងពលកម្មខ្ពស់នេះ ដើម្បីបង្កើនចង្វាក់ផលិតកម្មផ្សេងៗរបស់ខ្លួន៕

To Top