ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី៤ ខែមីនា បានឯកភាពផ្តល់ថវិកាសរុបចំនួន ២៦៤,០៨៦ដុល្លារ ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តក្រចេះ ការសាងសង់ឡើងវិញស្ថានីយ ផលិតទឹកស្អាតខ្នាតតូច នៅក្នុងឃុំចំនួន៨ ក្នុងខេត្តចំនួន៤ និងការផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត នៅសាលារៀនក្តីសង្ឃឹមកាណាន ក្នុងខេត្តកំពង់ឆ្នាំង។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-05_10-32-23-1024x768.jpg)
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណ ដល់ស្ថាប័នទាំងបីដែលបានចូលរួម ក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-05_10-32-27-1024x768.jpg)
ខណៈដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងប្រាក់កម្ចីយ៉េនសម្រាប់ការ ឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយនានា វានៅតែជាអាទិភាពមួយ សម្រាប់រដ្ឋាភិបាលជប៉ុន ក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីចូលរួមចំណែកកែលម្អ គុណភាពជីវិតនៅតាមបណ្តាខេត្តនានា។
លោកទូតជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយពង្រឹងគុណភាពជីវិត របស់ប្រជាជនដែលរស់នៅក្នុង ទីតាំងគម្រោងនីមួយៗ ៕
![](https://dap-news.com/wp-content/uploads/2022/03/photo_2022-03-05_10-32-18-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)