ព័ត៌មានជាតិ

សម្ដេច ស ខេង៖ គណបក្សប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ មូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺគណបក្សនយោបាយ មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ព្រោះកើតចេញពីប្រជាជន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង។

ក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានរំលឹកដល់អតីតកាល និងការខិតខំក្រោកឈរឡើងរួមគ្នា ជម្នះដោះស្រាយបញ្ហាប្រឈម និងផលវិបាកនានាជាច្រើនរាប់មិនអស់ រហូតធ្វើឲ្យមានការអភិវឌ្ឍស្រុកភូមិ និងប្រទេសជាតិដូចបច្ចុប្បន្ននេះ។

សម្ដេចបន្ថែមថា «គឺអាស្រ័យដោយសារយើងទាំងអស់គ្នា បានសម្រេចចិត្តជ្រើសរើស បានត្រឹមត្រូវនូវគណបក្សនយោបាយ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ គឺគណបក្សប្រជាជនកម្ពុជា»។

សម្ដេច បន្ដថា «គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន ជាគណបក្សនយោបាយដែល មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយ ដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាព ជាងគេក្នុងសង្គមកម្ពុជា នារយៈពេលជាង៧០ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេច បានស្នាដៃធំៗជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា»។

សម្ដេច បានសង្កត់ធ្ងន់ថា ស្នាដៃធំៗទាំងនោះ រួមមាន ការចូលរួមដណ្ដើមឯករាជ្យពីបារាំង ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការកសាងប្រទេសពីបាតដៃទទេ ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗ នាំមកនូវសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ដើម្បីបង្កឱកាសដល់ការ អភិវឌ្ឍជាតិដូចបច្ចុប្បន្ន ៕

To Top