នយោបាយ

សមាជិក ឃុំ-សង្កាត់ បានឈរឈ្មោះ ជាបេក្ខជនបោះឆ្នោត មិនត្រូវប្រើមធ្យោបាយ ឬថវិកា ឃុំ-សង្កាត់ ទៅបម្រើសកម្មភាព គណបក្សណាឡើយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំសមាជិក ឃុំ-សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ មិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាល ឃុំ-សង្កាត់ ទៅបម្រើសកម្មភាព គណបក្សនយោបាយ ឬឃោសនាបោះឆ្នោតឡើយ។

យោងតាមសេចក្ដីណែនាំរួមរបស់ ក្រសួងមហាផ្ទៃ និង គ.ជ.ប ចេញផ្សាយនាពេលថ្មីៗនេះ ថា ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ តាមវិធានបានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ព្រមទាំងធានានិរន្តរភាព ការងាររបស់រដ្ឋបាល ឃុំ-សង្កាត់ ប្រកបដោយប្រក្រតីភាព ក្នុងរយៈពេលដំណើរការបោះឆ្នោត ក្រសួងមហាផ្ទៃ គ.ជ.ប បានណែនាំ មេឃុំ-ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចាប់ពីពេលបើកយុទ្ធនាការ ឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោត ត្រូវខិតខំពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីបំពេញការងារឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រូវប្រកាន់ជំហរអព្យាក្រឹត មិនលម្អៀង។

ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបញ្ជាក់ថា «មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានសិទ្ធិធ្វើសកម្មភាពយុទ្ធនាការ ឃោសនាបោះឆ្នោត ដោយស្មើភាពគ្នាដូចបេក្ខជនដទៃទៀត តែមិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឥទ្ធិពលនៃរដ្ឋបាលឃុំ សង្កាត់ និងមិនត្រូវប្រើប្រាស់មធ្យោបាយ សម្ភារ និងថវិការបស់រដ្ឋបាល ឃុំ សង្កាត់ ទៅបម្រើសកម្មភាព របស់គណបក្សនយោបាយ ឬបម្រើសកម្មភាពនៃយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយឡើយ»។

ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបន្ដថា ដើម្បីធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងអំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោត មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង ត្រូវពិភាក្សាគ្នារៀបចំ កម្មវិធីបែងចែកវេន ប្រចាំការតាមថ្ងៃនីមួយៗនៅសាលាឃុំ សង្កាត់ ដោយស្មើភាពរវាងមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ វេនប្រចាំការនេះត្រូវមានសមាសភាពក្រុមប្រឹក្សា ឃុំ សង្កាត់យ៉ាងតិច ចំនួន ១រូប សម្រាប់ប្រចាំការតាមថ្ងៃនីមួយៗ។

ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបន្ថែមថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទទួលខុសត្រូវ សម្រាប់វេនប្រចាំការ តាមថ្ងៃនីមួយៗ ត្រូវទទួលសម្របសម្រួល កិច្ចការរដ្ឋបាលឃុំ សង្កាត់ប្រចាំថ្ងៃ ការអភិវឌ្ឍ សំណើ និងសំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋរបស់ខ្លួន ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានាសម្រាប់ គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ និង គ.ជ.ប ក៏បានណែនាំដល់ ស្មៀនឃុំ សង្កាត់ ដែលជាមន្ត្រីរាជការស៊ីវិល ត្រូវមានវត្តមានជាប្រចាំនៅសាលាឃុំ សង្កាត់ នៅរៀងរាល់ ម៉ោង និងថ្ងៃការងារដែលបានកំណត់ ដើម្បីទទួលជួប និងចាត់ចែងផ្តល់សេវាជូនប្រជាពលរដ្ឋ។ ជាពិសេស ស្មៀនឃុំ សង្កាត់ ត្រូវប្រកាន់អាកប្បកិរិយាការងារ និងត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងប្រកាសស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ស្មៀនឃុំ សង្កាត់ ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដូចមន្ត្រីរាជការស៊ីវិលដទៃទៀតដែរ៕

To Top