នយោបាយ

ចិន ជំរុញឲ្យអង្គការណាតូ បោះបង់ចោល គំនិតសង្គ្រាមត្រជាក់

ភ្នំពេញ ៖ ជុំវិញវិបត្តិនៅក្នុងប្រទេស អ៊ុយក្រែនដែលផ្ដើមចេញ ពីការបើកប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនដែលមានបំណងចង់ចូលជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា អង្គការណាតូ គួរតែបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ប្រឈមមុខដាក់គ្នា ជាក្រុមឲ្យបានឆាប់។

ថ្លែងក្នុងកម្មពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ លោក វ៉ាង វិនធាន បានវាយតម្លៃខ្ពស់ និងការកោតសរសើរយ៉ាងខ្លាំង ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងការលើកឡើងថា ”មិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមបានទេ” ផ្លូវដើរមានតែមួយគត់គឺការចរចាគ្នា តាមសន្តិវិធី។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា «យើងយល់ឃើញថា សង្គ្រាមត្រជាក់ត្រូវបានបញ្ចប់តាំងពីយូរយារណាស់មកហើយ អង្គការណាតូ គួរតែបោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ប្រឈមមុខដាក់គ្នា ជាក្រុមឲ្យបានឆាប់ និងការទាមទារសន្តិសុខ សមរម្យរបស់រុស្ស៊ីឲ្យបានត្រឹមត្រូវ»។

លោកទូត ឲ្យដឹងផងដែរថា ចិនចាំគាំទ្រអង្គការណាតូ សហភាពអឺរ៉ុប និងរុស្ស៊ី ឲ្យចាប់ផ្ដើមធ្វើការសន្ទនាឡើងវិញ និងស្វែងរកការកសាងយន្តការសន្តិសុខ នៅអឺរ៉ុបប្រកបដោយ តុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព ។

លោក វ៉ាង វិនធាន គូសបញ្ជាក់ថា «ចិនតែតែងប្រឆាំង នឹងការដាក់ទណ្ឌកម្ម ខុសច្បាប់ដោយឯកតោភាគី ទៅលើប្រទេសមួយដែលមាន អធិបតេយ្យភាព ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីមិនត្រឹមតែមិនអាចជួយអ្វីបាន ប៉ុន្តែនឹងរំខានដល់ដំណោះស្រាយ វិបត្តិនៅអ៊ុយក្រែន តាមវិធីនយោបាយ»។

លោកថា ចិនស្វាគមន៍ ការសន្ទនានិងការចរចាគ្នា ដោយផ្ទាល់រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយនឹងបន្តសម្របសម្រួល និងជំរុញការចរចាសន្តិភាព តាមរបៀបរបបនៃប្រទេសខ្លួន ហើយគាំទ្រនិងលើកទឹកចិត្ត រាល់ការខិតខំប្រឹងប្រែង តាមផ្នែកការទូត ដែលអាចជួយដល់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ដោយសន្តិវិធី។

សូមរំលឹកថា គិតមកដល់ពេលនេះ ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តមានភាពតានតឹង នៅឡើយទេ ទោះបីមានការដាក់ទណ្ឌកម្មប្រឆាំងទៅសង្គ្រាមឈ្លានពានមួយនេះ យ៉ាងណាក៏ដោយ៕

To Top