ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា បន្តប្រាប់ក្រុមគ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់ឥរិយាបថល្អ ចំពោះអ្នកជំងឺ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអំពាវនាវ ឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់ជាដាច់ខាត នូវក្រមសីលធម៌វិជ្ជជីវៈ ជាពិសេសត្រូវមានឥរិយាបថល្អ ចំពោះអ្នកជំងឺ ព្រោះ អ្នកជំងឺត្រូវការការថ្នាក់ថ្នម ពីគ្រូពេទ្យមិនថាគេ មិនថាសម្ដេចទេ ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នៅថ្ងៃទី៧ មីនានេះ សម្ដេចតេជោបានសម្ដែងក្ដីសង្ឃឹមថា បញ្ហាមិនស្ថិតត្រង់មន្ទីរពេទ្យ ស្អាតឬមិនស្អាត ទំនើបឬមិនទំនើបទេ តែមន្ទីរពេទ្យត្រូវការស្អាត និងសម្ភារៈទំនើប ។ សម្ដេចថា អ្វីដែលត្រូវការជាងនេះទៀត គឺមនសិការវិជ្ជាជីវៈ សីលធម៌របស់គ្រូពេទ្យ ។

សម្ដេចបន្តថា ក្នុងរយៈពេលប្រយុទ្ធជាមួយកូវីដជាង ២ឆ្នាំកន្លងមកនេះ គ្រូពេទ្យត្រូវបានគេជេរ គេបន្ទោសបង្អាប់ ប៉ុន្តែឥឡូវនេះត្រូវបានគេប្រសិទ្ធនាមជា គ្រូពេទ្យអាវស រួចស្រេចទៅហើយ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «សង្ឃឹមថា ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់យើង បន្តធ្វើការឲ្យបានល្អ បើទោះបីមានថ្នាំ ឬគ្មានថ្នាំ ក៏ប៉ុន្តែឥរិយាបថរបស់យើងចំពោះអ្នកជំងឺ គឺធ្វើឲ្យបានល្អ អ្នកជំងឺត្រូវការថ្នាក់ថ្នម មិនថាគេមិនថាខ្ញុំ ត្រូវការណាស់ជាមួយនឹងការថែទាំ មើលថែពីគ្រូពេទ្យរបស់យើង» ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចក៏សង្ឃឹមថា ក្រុមគ្រូពេទ្យដែលទទួលបានការប្រសិទ្ធនាមថា ជាកងទ័ពអាវស នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការ ប្រយុទ្ធប្រឆាំងជាមួយជំងឺគ្រប់ប្រភេទ ដែលក្នុងនោះមានទាំងជំងឺឆ្លងផងដែរ ដើម្បីបន្តទទួលបានកិត្តិនាមដ៏ល្អនេះ ។

សម្ដេចបន្ថែមថា ដោយសារតែដឹងពីគ្រូពេទ្យមានការនឿយហត់ ក្នុងរយៈពេលកន្លងទៅ ទើបសម្ដេចផ្ដល់ក្របខណ្ឌឲ្យ៤ពាន់កន្លែងសម្រាប់អ្នកចង់រៀនខាងពេទ្យ ដើម្បីបន្ថែមគ្រូពេទ្យទៅលើការព្យាបាលជំងឺផ្សេង ក្រៅពីគ្រូពេទ្យដែលតម្រូវឲ្យមើលថែអ្នកកើតកូវីដ ។

សម្ដេចក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនចិនដែលជានិច្ចកាល បានផ្ដល់ឲ្យកម្ពុជា នូវជំនួយសប្បុរសសម្រាប់ការដោះស្រាយបញ្ហា ទាក់ទងនិងសុខុមាភាព ។

សម្ដេចគូសបញ្ជាក់ថា ទោះមានការប្រមាថ មាក់ងាយលើប្រព័ន្ធសុខាភិបាលក៏ដោយ ក៏ខិតខំប្រឹងផ្តល់វ៉ាក់សាំងឲ្យពលរដ្ឋគ្រប់គ្នា ៕

To Top