ព័ត៌មានជាតិ

CMH ៖ ដំឡើងពន្ធថ្នាំជក់ ដើម្បីកាត់បន្ថយការជក់បារី និងជួញដូរផលិតផលថ្នាំជក់ ខុសច្បាប់

ភ្នំពេញ ៖ អង្គការចលនា ដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ការដំឡើងពន្ធលើផលិតផល មានហានិភ័យខ្ពស់ ដល់សុខភាព ដូចជា ផលិតផលថ្នាំជក់ ជារឿងល្អបំផុត ព្រោះវានឹងធ្វើឲ្យកម្ពុជា ទទួលបានអត្ថប្រយោជន៍ យ៉ាងក្រាស់ក្រែល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMH នាថ្ងៃទី១០ មីនា នេះ បានបញ្ជាក់ថា ការដំឡើងពន្ធផលិតផល ថ្នាំជក់ ពោលគឺមិនត្រឹមតែទទួល បានចំណូលពន្ធរដ្ឋបន្ថែម ប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការចំណាយលើសុខភាព និងធ្វើឲ្យអ្នកឈប់ជក់បារី មានសុខភាព និងផលិតភាពការងារ ល្អប្រសើរជាងមុន ។

CMH បានបន្ដថា ការដំឡើងពន្ធថ្នាំជក់ ធ្វើឲ្យតម្លៃថ្នាំជក់ កើនឡើង និងកាត់បន្ថយលទ្ធភាពទិញបាន ហើយវាជាវិធីសាស្រ្ត មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ។ ប្រសិនបើកម្ពុជាដំឡើង ពន្ធថ្នាំជក់ នឹងជួយឲ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១៥០០០នាក់រួចផុត ពីសេចក្ដីស្លាប់ដោយសារការជក់បារី ក្នុងមួយឆ្នាំៗ។

ក្រៅពីធ្វើឲ្យជីវិតប្រជាពលរដ្ឋ ស្លាប់រាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ថ្នាំជក់ ក៏បានធ្វើឲ្យកម្ពុជា ខាតបង់សេដ្ឋកិច្ចគិត ជាថវិកាប្រមាណ ២.៧ ទ្រីលានរៀល ស្មើនឹង ៦៦៣ លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប (GDP) ។

CMH បានបន្ថែមថា អត្រាពន្ធថ្នាំជក់នៅកម្ពុជាបច្ចុប្បន្ន គឺត្រឹមតែ ២៥%- ៣០% នៃ តម្លៃបារីលក់រាយ ប៉ុណ្ណោះ ដែលជាមធ្យមបារីមួយ កញ្ចប់មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋ ធ្វើឱ្យលទ្ធភាព ទិញបានកាន់តែខ្ពស់ ។ តើមតិបំភ័ន្តទាក់ទងនឹង ការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ និងការបាត់បង់ ចំណូលពន្ធរដ្ឋ កំពុងរំខានដល់សមត្ថកិច្ច របស់រាជរដ្ឋាភិបាល ក្នុងការដំឡើងពន្ធថ្នាំជក់ដែរឬទេ? ជាការពិតណាស់ ឧស្សាហកម្មថ្នាំ ជក់តែង តែបំផ្លើស ការរួមចំណែក របស់ខ្លួន និង ប្រើប្រាស់ការស្រាវជ្រាវ ដែលលំអៀង ក្រោមការ ឧបត្ថម្ភរបស់ខ្លួនទាក់ទង នឹងការជួញដូរ ផលិតផល ថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹង ការឡើងពន្ធថ្នាំជក់ និងបំភាន់អ្នកបង្កើត គោលនយោបាយ និងសាធារណជន៕

To Top