ព័ត៌មានជាតិ

លោកស្រី អភិបាលរង ខេត្តកំពង់ចាម ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងពង្រឹងភាព អង់អាចដល់ នគរបាលនារី និងស្រ្តី

កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោកស្រី ប៉ាង ដានី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងពង្រឹងភាពអង់អាច ដល់នគរបាលនារី និងស្រ្តី ដើម្បីឲ្យពួកគេ ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងដូច្នេះ ក្នុងឱកាសប្រារព្វពិធីអបអរសាទរខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១១ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម ។

លោកស្រីអភិបាលរងខេត្តបានបន្តថា ឆ្នាំ២០២២នេះ គឺជាដំណាក់កាលជាប្រវត្តិសាស្រ្តមួយ សម្រាប់ការលើកកម្ពស់ សមភាព យេនឌ័រនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីសមភាព យេនឌ័រ លើកដំបូង, ការប៉ាន់ប្រមាណអំពីយេនឌ័រនៅកម្ពុជាឆ្នាំ ២០១៨ និងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សា លើស្រ្តីលើទី៣ (២០១៩-២០២៣) ដែលក្រសួងកិច្ចការនារី ជាអ្នកដឹកនាំរៀបចំឯសារ គោលនយោបាយ ទាំងបីនេះ ក្រោមកិច្ចសហការយ៉ាង ជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន អង្គការ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងដែរថា ស្នងការដ្ឋាននគរបាលខេត្កកំពង់ចាម មានមន្ត្រីក្របខ័ណ្ឌរួមចំនួន ១,៩៧៧នាក់ គិតទាំងក្របខ័ណ្ឌថ្មី ក្នុងនោះនគរបាលនារី មានចំនួន ២៦៤នាក់ ស្មើនឹង១៣ % នៅស្នងការដ្ឋាន ១១៥នាក់ នៅអធិការដ្ឋាន នគរបាលក្រុង-ស្រុកទាំង១០ មានចំនួន ១៤៩នាក់ ដោយក្រុង-ស្រុក មាន៥៣នាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ៩៦នាក់។

ទន្ទឹមនឹងនេះ ស្នងការដ្ឋានបានជម្រុញ អោយមានសមាសភាពជានារី ឡើងជាថ្នាក់ដឹកនាំ នៅតាមការិយាល័យ និងតាមបណ្ដាអធិការដ្ឋាន ដោយបច្ចុប្បន្នមាន ថ្នាក់ដឹកនាំស្ត្រី ជាស្នងការរង១រូប ដែលទទួលបន្ទុកការងារយ៉េនឌ័រ និងជាប្រធានផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មាននាយការិយាល័យជានារី១ រូប មាននាយរង ការិយាល័យជានារី ស្ទើរគ្រប់ការិយាល័យជំនាញ និងកំពុងជម្រុញ អោយមានគ្រប់ការិយាល័យតែម្តង ៕

To Top