ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ជំរុញឲ្យអាជ្ញាធរ មូលដ្ឋាន បម្រើសេវា ជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់

កំពង់ចាម ៖ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តផ្ទះកណ្ដាល ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើការបំរើសេវា ជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា « សូមឲ្យអាជ្ញាធរមូលដ្ឋាន បម្រើសេវាឱ្យបានល្អ ជាមួយប្រជាពលរដ្ឋ ហើយប្រសិនបើមានបញ្ហាក្នុងការអនុវត្តសេវា សូមរាយការណ៍មករដ្ឋបាលស្រុក និងរដ្ឋបាលខេត្ត ជាបន្ទាន់ដើម្បីធ្វើការបកស្រាយ » ។

លោកអភិបាលខេត្តឲ្យដឹងទៀតថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ នៅក្នុងស្រុកស្រីសន្ធរ លោក ទទួលបាន ព័ត៌មានថា មានការខ្វះឯកសារអត្រា នុកូលដ្ឋានច្រើនជាងគេ ដោយសារតម្រូវការ របស់ប្រជាពលរដ្ឋ មកបញ្ជាក់ឯកសារ មានចំនួនច្រើន ។ ហើយប្រការនេះរដ្ឋបាលខេត្ត បានស្នើសុំទៅក្រសួងមហាផ្ទៃ និងបានទទួលឯកសារមកជាបន្តបន្ទាប់ហើយ ដែរ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ដោយសារប្រជាពលរដ្ឋគាត់ត្រូវការច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានយកឱកាសនោះ ណែនាំចំពោះមន្ត្រីមូលដ្ឋាន ឲ្យជៀសវាងការ លាក់ឯកសារទុក រួចធ្វើការដោះដូរផលប្រយោជន៍ នៅពេលដែលប្រជាពលរដ្ឋ មករកការបម្រើសេវា ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានបន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋ សូមឱ្យថែរក្សាសុខភាព ដើម្បីរួចផុតពីជំងឺឆ្លងកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ ខ្ជួននូវវិធានការរបស់ក្រសួង សុខាភិបាល នឹងត្រូវរស់នៅតាមកន្លងថ្មី នៃបរិបទជំងឺកូវីដ១៩ ដោយត្រូវអនុវត្តការពាក់ម៉ាស រក្សាគម្លាត និងប្រើសាប៊ូ ឬជែល សម្អាតដៃជាប្រចាំផងដែរ ។

To Top