ព័ត៌មានជាតិ

រដ្ឋបាល ខេត្តកំពង់ចាម រៀបចំក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យនិងព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

កំពង់ចាម ៖ ដោយប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បាននិងកំពុងគិតគូរ អំពីសុខមាលភាព ពោលគឺ សន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ជូនប្រជាពលរដ្ឋផងដែរ ។

នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាល មុនពេលបើកការពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ពិតណាស់នៅក្នុងខេត្តកំពង់ចាម មានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងគ្លីនិកឯកជនទំនើបៗ ជាច្រើន ប៉ុន្តែការបង្កើតឲ្យមានក្រុមគ្រូពេទ្យ ជំនាញចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅពេលនេះ គឺក្នុងគោលបំណង ដើម្បីលើកកំពស់គុណភាព ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែក កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើងផងដែរ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ស្របពេលជាមួយនិង ប្រទេសជាតិរបស់យើងមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យក្រុងកំពង់ចាមបានទទួលនូវការអភិវឌ្ឍជាច្រើន ក្នុងនោះមានសង្កាត់ចំនួន២ ដែលមានការ អភិវឌ្ឍខ្លាំង គឺសង្កាត់កំពង់ចាម និងសង្កាត់វាលវង់ ចំណែកសង្កាត់ ២ទៀតមានសង្កាត់សំបួរមាស និងសង្កាត់បឹងកុក កំពុងត្រូវបានរៀបចំ ជម្រុញឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ ដើម្បីឲ្យមានភាពប្រហាក់ប្រហែលគ្នា នៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ។

ប្រធានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សាខាសមាគមសិស្ស និស្សិតបញ្ញាវ័ន្តក្មេងវត្តខេត្តកំពង់ចាម លោកសៅ សំបូរ បានឲ្យដឹងថា ថ្ងៃនេះមានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តចំនួន ៣៦នាក់ បានទទួលការឧបត្ថម្ភថវិកា ពី លោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍ សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងគណៈគ្រូពេទ្យខេត្ត បានរៀបចំឲ្យមានការចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនមនុស្សចាស់ និងកុមារ ដោយមានសេវាដកឆ្មញ និងទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ផងដែរ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង២រសៀល ៕

To Top