ព័ត៌មានជាតិ

លោក ប្រាក់ សុខុន មានមោទកភាព ចំពោះការជ្រើសរើស លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ មកផ្សព្វផ្សាយយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ មានមោទកភាព និងអបអរសាទរ ចំពោះលោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបបានទទួលមេដាយ ពីអង្គការសហប្រជាជាតិ(UN) សម្រាប់ការកោតសរសើរ មេបញ្ជាការកងកម្លាំង ហើយបានជ្រើសរើស យកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។

លោក ប្រាក់ សុខុន បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ១៥ មីនាថា លោកស្រី ជា ម៉ៃសារ៉ស់ មានការទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ បច្ចុប្បន្នលោកស្រីកំពុងបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ខាងត្បូង។

លោកថា “យើងពិតមានមោទកភាព ចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀត ដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក” ។

បើតាមលោក ប្រាក់ សុខុន ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជិត៨ពាន់នាក់ហើយ ទៅកាន់ប្រទេសចំនួន៩ ក្នុងពិភពលោក ។ លោកថា កម្ពុជានឹងបន្តជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» នេះបន្តទៀត៕

To Top