ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ស្នើWB អនុវត្តផែនការមេគ្រប់គ្រងទឹក កខ្វក់នៅតាមរាជធានី-ខេត្តសំខាន់ៗ ឲ្យទូលំទូលាយ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារពិភពលោក(WB) អនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗ ឲ្យបានទូលំទូលាយ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋ។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Manela V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក បានផ្តល់ការគាំទ្រដល់កម្ពុជា ជាពិសេស ក្រសួងសាធារណការ ក្នុងការអភិវឌ្ឍហេដ្ឋារចនារចនាសម្ព័ន្ធនៅកម្ពុជា និងបានបង្ហាញពីសុទិដ្ឋិនិយម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងទឹកស្អាត។

លោកធ្វើការកត់សម្គាល់អំពីវិស័យសក្កានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការគាំទ្រពីធនាគារពិភពលោក ការវាយតម្លៃលើសូចនាករ ដែលត្រូវសម្រេចបាន ការសិក្សាអំពីតម្រូវការអាទិភាពជាក់ស្តែង ការស្វែងយល់ អំពីស្ថានភាពនៃតម្រូវការ និងមធ្យោបាយឈានទៅសម្រេចបានលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព។

លោកបញ្ជាក់ថា «ក្រសួងបានរៀនសូត្របទពិសោធន៍ជាច្រើនពីគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផែនការគ្រប់គ្រងទឹកកខ្វក់ នៅពេលទីក្រុងមានការរីកចម្រើនយ៉ាង រហ័ស និង បានស្នើសុំការគាំទ្រ ពីធនាគារពិភពលោក ដើម្បីអនុវត្តផែនការ មេគ្រប់គ្រងទឹកកខ្វក់ នៅតាមបណ្តារាជធានី-ខេត្ត សំខាន់ៗឲ្យបានទូលំទូលាយ ដើម្បីធ្វើឲ្យប្រសើរឡើង សុខុមាលភាពប្រជាពលរដ្ឋ»។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី បានលើកឡើងពីបញ្ហាប្រឈមទាក់ទង នឹងការត្រួតពិនិត្យបច្ចេកទេស នៃការសាងសង់ផ្លូវ ការកសាងសមត្ថភាព មន្ត្រីរបស់ក្រសួង ដើម្បីពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងទីប្រឹក្សាបច្ចេកទេសនិង ក្រុមហ៊ុនម៉ៅការ ការបណ្តុះបណ្តាលគ្រូបង្គោល លើជំនាញបច្ចេកទេស សាងសង់ផ្លូវក្នុងការធានាចីរភាព យូរអង្វែង ការគាំទ្រពីវិទ្យាស្ថានបច្ចេកទេសកូរ៉េ (KICT) ដើម្បីកសាងសមត្ថភាពមន្ត្រី របស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន លើការបង្កើតកម្មវិធីសិក្សា គម្រោងសាងសង់ផ្លូវ តភ្ជាប់ប៉ូលសេដ្ឋកិច្ចថ្មី ខេត្តសៀមរាប ស្ទឹងត្រែង ទៅខេត្តរតនគិរី រហូតដល់ព្រំដែន វៀតណាម តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោកស្រី Manuela V.Ferro បានកត់សម្គាល់ ដោយយកចិត្តទុកដាក់ទៅលើសំណើ ទាំងឡាយ ដែលបានលើកឡើងដោយទេសរដ្ឋមន្ត្រី និងគូសបញ្ជាក់ថា ធនាគារនឹងពិនិត្យលទ្ធភាព ផ្តល់អ្នកជំនាញឯកទេស ដើម្បីពង្រឹងសមត្ថភាព របស់មន្ត្រីក្រសួង ក៏ដូចជាមន្ត្រីនៃវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន ជាពិសេសខិតខំប្រឹងប្រឹង ពន្លឿនការគាំទ្រការអនុវត្តគម្រោង នានានៅកម្ពុជា ឲ្យបានឆាប់រហ័ស៕

To Top