ព័ត៌មានជាតិ

ប្រឡាយទឹកស្អុយលូ៥ ក្លាយជាសួនដ៏ស្រស់ស្អាត និងជាកន្លែងហាត់ប្រាណ សម្រាប់ពលរដ្ឋ

ភ្នំពេញ ៖ ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួន ជាសួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ ដ៏ស្រស់ស្អាត និងជាកន្លែងហាត់ប្រាណ របស់ប្រជាពលរដ្ឋនៅតំបន់នេះ យ៉ាងល្អផងដែរ។

សួននេះបានស្ថាបនាឡើង ក្រោមការជួយឧបត្ថម្ភ ពីស្ថានទូតចិនប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង និងលោក ឆាង ជាន អគ្គទីប្រឹក្សា នៃស្ថានទូតចិន តំណាងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

លោក នួន ផារ័ត្ន បានលើកឡើងថា សួនសហគមន៍កុមារមេត្រីនេះ មិនត្រឹមតែលើកសោភណ្ឌភាព រាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយ ផ្ដល់ឲ្យប្រជាពលរដ្ឋនៅតំបន់នេះ បានហាត់ប្រាណដើម្បីសុខភាព ។ លោកស្នើកុំអោយប្រជាពលរដ្ឋសាងសង់រោងការ នៅលើសួនច្បារ ព្រោះនាំធ្វើឲ្យខូចហេដ្ឋារចនាសម្ព័ន្ធនានា ។

លោកបានបានថ្លែង អំណរគុណ ចំពោះមហាមិត្តចិនបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះ បានផ្ដល់ថវិកា ដើម្បីសាងសង់សួន សហគមន៍កុមារមេត្រីឡើង ។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺ covid-19 និងការជួយលើវិស័យច្រើនទៀត មកដល់កម្ពុជា។

ចំណែក លោកឆាង ជាន បានថ្លែងអំណរគុណរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនូវគម្រោងនៃការសាងសង់ សួនសហគមន៍កុមារមេត្រីនេះឡើង។ សួននេះ ពិតជាបានបង្កើតទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ។

បើតាមការបញ្ជាក់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ មានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប ២៧៧៥ ម៉ែត្រក្រឡា បណ្តោយប្រវែង២២៩ម៉ែត្រ ទទឹង១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី៥ម៉ែត្រ ។ កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយ ទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ ហើយសួននេះ ជាទីតាំងសំខាន់មួយក្នុង តំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅ អាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន ។

សួននេះសាងសង់ប្រើប្រាស់រយៈពេល៦ខែ ចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧,៤៩៧ ដុល្លារ រៀបចំសាងសង់ឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍ សម្រាប់ហាត់ប្រាណអស់ថវិកាចំនួន ៦,០០០ដុល្លារ សរុបថវិកា ចំណាយទាំងអស់ចំនួន ៧៥,៤៩៧ ដុល្លារ ៕

To Top