ព័ត៌មានជាតិ

អភិបាលរាជធានី៖ ក្រោមម្លប់សន្តិភាព វិស័យសំណង់ បានចូលរួមផ្តល់ការងារ ជូនកម្មករ កម្មការិនីយ៉ាងច្រើន

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មានសន្តិភាព ទើបមានការអភិវឌ្ឍ មានសំណង់រីកដុះដាលជាច្រើន ហើយនេះអ្វីដែលបានផ្តល់ឲ្យកម្មករ កម្មការិនី នូវការងារដែលមានប្រាក់ចំណូលសមរម្យ មានជីវភាពល្អប្រសើរ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បុគ្គលិក កម្មករ កម្មការិនី ដែលកំពុងបំពេញការងារ ក្នុងការដ្ឋាន និងត្រួតពិនិត្យគុណភាពសំណង់ បុរី មេគង្គ លែន តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតនៅ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ មីនានេះ លោក ឃួង ស្រេង បានណែនាំដល់កម្មករកម្មការិនី ឲ្យយល់ជ្រាបពីប្រវត្តិសាស្ត្រកម្ពុជា និងព្រឹត្តិការណ៍ជុំវិញពិភពលោក ជាក់ស្តែងលោកបានលើកយក បញ្ហានៅអ៊ុយក្រែន ដែលកំពុងជួបប្រទះនូវសង្គ្រាម ដែលរងការបំផ្លាញ នូវហេដ្ឋារចនាសម្ព័ននានា ក៏ដោយសារតែប្រទេសអស្ថេរភាព ។

ដោយឡែកនៅកម្ពុជា ទទួលបានសន្តិភាពពេញលេញ បានជាបងប្អូនកម្មករ កម្មការិនី អាចរស់រាន ប្រកបមុខរបរ បម្រើការងារ តាមបណ្តាអាជីវកម្មនានា បានដោយសុខសាន្ត ចំណុចនេះ លោកអភិបាលរាជធានីភ្នំពេញ ចង់ឲ្យយល់ជ្រាបនូវប្រវត្តិសាស្ត្រថា កម្ពុជាទទួលបានសន្តិភាព ក៏ដោយសាររដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីតែម្នាក់គត់ នាំសន្តិភាពជូនកម្ពុជា ដូច្នេះបងប្អូនកម្មករកម្មការិនីទាំងអស់ ត្រូវរួមគ្នារក្សាឲ្យបានគង់វង្សនូវសន្តិភាព ។

លោក ឃួង ស្រេង បានលើកឡើងថា “ការអភិវឌ្ឍទៅបាន ក្រុមហ៊ុនសំណង់ មិនថាក្រុមហ៊ុន មេគង្គ លែន ឬក្រុមហ៊ុនផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា មិនថានៅក្នុងភ្នំពេញ មិនថានៅតាមបណ្តាខេត្ត សុទ្ធសឹងតែជាការបង្កើតឲ្យមាន នូវឱកាសការងារ ជូនបងប្អូនកម្មករ កម្មការិនី។ បងប្អូនមានការងារធ្វើដោយសារ ក្រុមហ៊ុន ក្រុមហ៊ុនអាចបើបានដោយសារ ដំបូលសន្តិភាព” ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរី មេគង្គ លែន បានលើកឲ្យដឹងថា បុរីមេគង្គលែន បានចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈ ការផ្តល់ជូន នូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ មានបុគ្គលិក និងកម្មករសរុប ជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជា២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។

ជាពិសេសក្នុងកំឡុងវិបត្តិកូវិដ១៩ យើងមិនបោះបង់ចោល ក្រុមការងារ ដោយចូលរួមជាមួយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្តន៍ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្ត អោយចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត-១៩។ បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់ វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់ និងការរៀបចំប្រព័ន្ធប្រព្រឹត្តឹកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់ល។ ហើយថ្មីៗនេះ បានឈ្នះនូវ ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ។ បានចូលរួមសកម្មភាពសប្បុរសធម៌ ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕

To Top